តុលាការខេត្តសៀមរាប សម្រេចដោះលែង មន្ត្រីសណ្តាប់ធ្នាប់នៃអាជ្ញាធរជាតិអប្សរា ២រូប បន្ទាប់ពីគូរភាគីទាំង២បានសម្រប់សម្រួលត្រូវរ៉ូវគ្នា

តុលាការខេត្តសៀមរាប សម្រេចដោះលែង មន្ត្រីសណ្តាប់ធ្នាប់នៃអាជ្ញាធរជាតិអប្សរា ២រូប បន្ទាប់ពីគូរភាគីទាំង២បានសម្រប់សម្រួលត្រូវរ៉ូវគ្នាហើយ ទើបបាននៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤នេះ តុលាការខេត្តសៀមរាប បានអនុញាតឱ្យជនសង្ស័យវិលត្រឡប់ទៅផ្ទះវិញ​។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តសៀមរាប​ បានឱ្យដឹងថា​​ បន្ទាប់ពីបានពិនិត្យចម្លើយជនរងគ្រោះ ចម្លើយជនសង្ស័យ ចម្លើយសាក្សី និងឯកសារជាភស្តុតាងនៅក្នុងសំណុំរឿង បានបញ្ជាក់ថា ជនរងគ្រោះឈ្មោះ ណុល សំណាង ភេទប្រុស អាយុ ២០ឆ្នាំ (កើតនៅថ្ងៃទី១៩ ខែមេសា ឆ្នាំ ២០០៤) ជានីតិជន និងបក្ខពួកបាននាំគ្នាទៅចាប់សត្វអណ្ដើកនៅក្នុងកសិន្ទុអង្គរ បំពានការហាមឃាត់ ដែលធ្វើឱ្យប៉ះពាល់ដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលមកទស្សនាប្រាសាទអង្គរវត្ត។ ក្នុងអំឡុង ពេលបំពេញភារកិច្ចប្រចាំការ មើលការខុសត្រូវនៅទីកន្លែងកើតហេតុ ជនសង្ស័យឈ្មោះ សុខ សៀន និង ឈ្មោះ ហៃ រដ្ឋា បានចុះទៅធ្វើការហាមឃាត់ និងណែនាំឈ្មោះ ណុល សំណាង និងបក្ខពួក កុំឱ្យប្រព្រឹត្តអំពើទាំងនេះតទៅទៀត ប៉ុន្តែជាការឆ្លើយតប ជនរងគ្រោះឈ្មោះ ណុល សំណាង មិនបានគោរពតាមការណែនាំរបស់អាជ្ញាធរនោះទេ ហើយបានជេរប្រមាថមកលើអាជ្ញាធរវិញទៀតផង ទើបធ្វើឱ្យជនសង្ស័យទាំងពីរខាងលើមានការខឹងសម្បារ និងជ្រុលជ្រួសឈានទៅដល់ការប្រព្រឹត្តអំពើហិង្សាលើជនរងគ្រោះតែម្តង។ 
នៅដំណាក់កាលមន្ត្រីនគរបាលយុត្តិធម៌ និងនៅដំណាក់កាលអយ្យការ ជនសង្ស័យទាំងពីរនាក់ បានសម្តែងនូវការសោកស្តាយជាខ្លាំងនូវអំពើប្រព្រឹត្ត និងទទួលស្គាល់ថា ជាកំហុសរបស់ខ្លួនដែលបានវាយទៅលើជនរងគ្រោះឈ្មោះ ណុល សំណាង។
ទន្ទឹមនេះ ជនសង្ស័យបានធ្វើការសុំទោសដល់អាណាព្យាបាល និងជនរងគ្រោះ។ បានសងសំណងសមរម្យដល់ជនរងគ្រោះ ហើយជនរងគ្រោះបានដកពាក្យបណ្ដឹង និងឈប់ប្តឹង ក្នុងរឿងនេះតទៅទៀត និងមានមេធាវីបានដាក់ពាក្យស្នើសុំធានាត្រឹមត្រូវដល់ជនសង្ស័យថា នឹងចូលខ្លួនមកវិញនៅគ្រប់ដំណាក់កាល នីតិវិធីរបស់តុលាការ។
ជនសង្ស័យទាំងពីរ មានប្រពន្ធ និងកូនតូចៗក្នុងបន្ទុកជាច្រើននាក់ដែលត្រូវមើលថែរក្សា។ ផ្អែកតាមលទ្ធផលនៃការស៊ើបអង្កេត ការពិនិត្យឯកសារ និងភស្តុតាងនានាក្នុងសំណុំរឿង អយ្យការអមសាលាដំបូងខេត្តសៀមរាប ឃើញថា ករណីនេះជាបទល្មើសហិង្សាមិនមានលក្ខណៈធ្ងន់ធ្ងរ មិនបង្ករឱ្យមានព្យសនកម្ម ឬរបួសធ្ងន់ធ្ងរ ឬពិការអចិន្ត្រៃយ៍ ដល់ជនរងគ្រោះឡើយ។
ផ្នែកលើអង្គហេតុ អង្គច្បាប់ និងហេតុផលក្នុងចំណុចទី២ខាងលើ តំណាងអយ្យការបានសម្រេច អនុញ្ញាតឱ្យជនសង្ស័យទាំងពីរនាក់ វិលត្រឡប់ទៅលំនៅដ្ឋានវិញជាបណ្ដោះអាសន្ន។ ដោយឡែកសំណុំរឿងនេះ តំណាងអយ្យការនឹងត្រូវបន្តចាត់ការទៅតាមនីតិវិធី ស្របតាមច្បាប់៕