សម្តេចធិបតី ហ៊ុន ម៉ាណែត សម្រេច បង្កើត “ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ” ក្រោមឆត្រគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា សម្រេច បង្កើត “ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ” ក្រោមឆត្រគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត÷ មុនការឆ្លងរាលដាលជាសកលនៃជំងឺកូវីដ-១៩ កម្ពុជា ស្ថិតក្នុងចំណោមប្រទេស ដែលមានកំណើនសេដ្ឋកិច្ចខ្ពស់, ទាំងនៅក្នុងតំបន់ និងលើសកលលោក, ជាមួយនឹងអត្រាកំណើន ជាមធ្យម ប្រមាណ ៧% ក្នុងមួយឆ្នាំ ។ កំណើនដ៏ខ្ពស់នេះ បានធ្វើឱ្យកម្ពុជាចាកចេញពីឋានៈជាប្រទេសក្រីក្រ និងបានក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតទាប កាលពីឆ្នាំ ២០១៥ កន្លងទៅ ។ ជាមួយនឹងសមិទ្ធផលដ៏ត្រចះត្រចង់នេះ, រាជរដ្ឋាភិបាលកម្ពុជា បានកំណត់ចក្ខុវិស័យនៃការប្រែក្លាយកម្ពុជា ឱ្យទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ ២០៣០ និង ជាប្រទេសមានចំណូលខ្ពស់ នៅឆ្នាំ ២០៥០ ។ ក្នុងន័យនេះ, ការប្រកាសដាក់ឱ្យអនុវត្ត  «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ ២០២៤» ឬ ហៅកាត់ថា «វិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ ២០២៤» ក្នុងថ្ងៃនេះ អាចត្រូវបានចាត់ទុកថាជាជំហានជាក់ស្តែងថ្មីមួយទៀត របស់រាជរដ្ឋាភិបាល នៅក្នុងទិសដៅនេះ ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត÷ «អត្ថប្រយោជន៍ពិសេស», កម្មវិធីនេះ នឹងផ្តល់ការសម្រួលនីតិវិធី និងការលើកទឹកចិត្តពិសេស, លើសពីការកំណត់ក្នុងច្បាប់ និងបទដ្ឋានគតិយុត្តជាធរមាន, ដល់វិនិយោគិន និងធុរជន ដែលស្នើសុំ និងអនុវត្តគម្រោង ឬ​ សកម្មភាព ក្នុងឆ្នាំ ២០២៤ នេះ ទៅតាមប្រភេទគម្រោង ឬ សកម្មភាព រួមមាន ៖ (១). គម្រោងវិនិយោគពាក់ព័ន្ធនឹងអគារជាប់គាំង; (២). គម្រោងវិនិយោគដែលមិនជាប់ពាក់ព័ន្ធនឹងអគារជាប់គាំង; និង (៣). ការពង្រីកគម្រោងវិនិយោគដែលមានស្រាប់នៅក្នុងខេត្ត ។