រដ្ឋបាលខេត្តបន្ទាយមានជ័យ ចេញ សេចក្តីជូនដំណឹងស្តីពី ការវាយជួង រគាំង និងទូងស្គរគ្រប់វត្តអារាមទូទាំងក្រុង-ស្រុក ក្នុងខេត្តបន្ទាយមានជ័យ វេលាម៉ោង០៩ និង០០នាទីព្រឹកនាថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៣

ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ សូមប្រគេនព្រៈមេគណខេត្ត ព្រៈអនុគណក្រុង-ស្រុក ព្រះចៅអធិការគ្រប់វត្ត ព្រះមេត្តាជ្រាបថា នៅពេលព្រឹកថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៣ រដ្ឋបាលខេត្តបន្ទាយមានជ័យនឹងរៀបចំក្បួនដង្ហែព្រះអគ្គិកីឡាពីព្រំប្រទល់អូរញរ មកកាន់សាលាខេត្តបន្ទាយមានជ័យ រួចប្រារព្ធពិធីអបអរសារទរនៅសួនមានជ័យ(វេទិការខេត្ត)ក្រុងសិរីសោភ័ណ ហើយបន្តដង្ហែជុំវិញក្រុងសិរីសោភ័ណ ឆ្ពោះទៅកាន់វត្តគិរីជុំចំការខ្នុរ ដើម្បីទៅតម្កល់រក្សាទុកនាពេលយប់ដោយមានរៀបចំពិធីសាសនាផងដែរ។

ថ្ងៃអង្គារ ១៣ កើត ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង០៩ និង០០នាទីព្រឹកខាងមុខនេះ រដ្ឋបាលខេត្តបន្ទាយមានជ័យ ដែលមាន ឯកឧត្តម អ៊ុំ រាត្រី ជាអភិបាលខេត្ត សូមស្នើព្រៈមេគណខេត្ត ព្រៈអនុគណក្រុង-ស្រុក ព្រះចៅអធិការគ្រប់វត្តអារាមក្នុងខេត្តបន្ទាយមានជ័យ ព្រះមេត្តា វាយជួង រគាំង និងទូងស្គរ ឱ្យបានកងរំពង ដើម្បីចូលរួមអបអរសាទរក្នុងពិធីទទួល និងដង្ហែព្រះអគ្គិកីឡានៃព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ រហូតដល់ចប់ក្បួនដង្ហែ។

លុះព្រឹកឡើង វេលាម៉ោង៦ព្រឹក ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៣ រដ្ឋបាលខេត្តបន្ទាយមានជ័យ រៀបចំក្បួនដង្ហែព្រះអគ្គិកីឡា ឆ្ពោះទៅកាន់ព្រំប្រទល់ស្រុកក្រឡាញ់ ខេត្តសៀមរាប៕