កម្ពុជា និងមជ្ឈមណ្ឌលអាស៊ាន-ចិន ឯកភាពបន្តកិច្ចសហប្រតិបត្តិការទេសចរណ៍បន្ថែម

ភ្នំពេញ៖ កម្ពុជាបានឯកភាពជាមួយមជ្ឈមណ្ឌលអាស៊ាន-ចិន លើការបន្តកិច្ចសហប្រតិបត្តិការវិស័យទេសចរណ៍បន្ថែមទៀត បន្ទាប់ពីវិបត្តិជំងឺកូវីដ១៩ សំដៅទាក់ទាញកំណើនទេសចរពីគ្នាទៅវិញទៅមក និងទេសចរប្រទេសទី៣។

ការឯកភាពនេះធ្វើឡើងក្នុងជំនួបពិភាក្សារវាង​ ឯកឧត្តម​ ទិត ចន្ថា រដ្ឋលេខាធិការប្រចាំការក្រសួងទេសចរណ៍ តំណាងឯកឧត្តម​ ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​ ជាមួយគណៈប្រតិភូនៃមជ្ឈមណ្ឌលអាស៊ាន-ចិន ដឹកនាំដោយលោក ស្ស៉ឺ ចុងជុន (Shi Zhongjun) អគ្គលេខាធិការនៃមជ្ឈមណ្ឌលអាស៊ាន-ចិន នៅទីស្ដីការក្រសួងទេសចរណ៍ នារសៀលថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣។

នាឱកាសនោះ ភាគីទាំងពីរបានរំឭកពីកិច្ចសហប្រតិបត្តិការជាច្រើនដែលបានធ្វើជាមួយគ្នាកន្លងមក ក្នុងនោះក៏មានវិស័យទេសចរណ៍ផងដែរ ប៉ុន្តែដោយសារតែវិបត្តិជំងឺកូវីដ១៩ កិច្ចសហប្រតិបត្តិមួយចំនួនក៏ត្រូវអាក់ខានទៅវិញ ហើយសកម្មភាពទេសចរទៅមកប្រទេសទាំងពីរក៏ត្រូវបានផ្អាកផងដែរ។ មកដល់ឆ្នាំ២០២៣នេះ ពោលគឺក្រោយពេលរដ្ឋាភិបាលចិនបន្ធូរបន្ថយការធ្វើដំណើរសម្រាប់អ្នកដំណើរ និងភ្ញៀវទេសចរនាដើមឆ្នាំ២០២៣នេះទេ ទើបមានភ្ញៀវទេសចរទៅមកប្រទេសទាំងពីរកម្ពុជា-ចិនឡើងវិញ ខណៈដែលរាជរដ្ឋាភិបាលកម្ពុជាក៏បានដករបាំងនៃការធ្វើដំណើរទាំងឡាយអស់ហើយដែរ។

លោក ស្ស៉ឺ ចុងជុន បានបញ្ជាក់ថា ការធ្វើទស្សនកិច្ចនៅប្រទេសកម្ពុជាលើកដំបូងបន្ទាប់ពីកូវីដនេះ គឺដើម្បីបន្តនិងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយភាគីកម្ពុជាឡើងវិញ ពិសេសគឺវិស័យទេសចរណ៍ ដែលជាស្ពានភ្ជាប់ទំនាក់ទំនងយ៉ាងសំខាន់នៃប្រទេសទាំងពីរ។

លោកអគ្គលេខាធិការបានបន្តថា មជ្ឈមណ្ឌលអាស៊ាន-ចិននឹងរៀបចំឱ្យមានសកម្មភាពរួមគ្នារវាងអាស៊ាន-ចិន ពិសេសជាមួយភាគីកម្ពុជា ដូចជាការធ្វើពិព័រណ៍ផ្សព្វផ្សាយពីគោលទេសចរណ៍នៅកម្ពុជានិងនៅចិន, ការបណ្ដុះបណ្ដាលជំនាញ និងមគ្គុទ្ទេសក៍ខ្មែរនិយាយភាសាចិន, ការផ្លាស់ប្ដូរទស្សនកិច្ចរបស់អ្នកសារព័ត៌មានកម្ពុជានិងចិន ដើម្បីផ្សព្វផ្សាយពីគោលដៅទេសចរណ៍ប្រទេសទាំងពីរទៅវិញទៅមក, ការជំរុញឱ្យមានការហោះហើរត្រង់ដឹកអ្នកដំណើរទៅកាន់គោលដៅឱ្យបានច្រើន និងញឹកញាប់ជាមុន, ការជំរុញចរន្តភ្ញៀវទេសចរ និងអ្នកវិនិយោគមកកាន់ប្រទេសកម្ពុជា ក៏ដូចជាការបង្កើនផលិតផលទេសចរណ៍សម្រាប់ភ្ញៀវទេសចរចិន និងទេសចរបរទេសដទៃទៀតជាដើម។

នាឱកាសនោះ​ ឯកឧត្តម​ ទិត ចន្ថា បានឯកភាពទាំងស្រុងចំពោះការលើកឡើងអំពីកិច្ចសហប្រតិបត្តិការខាងលើនេះ ដើម្បីធ្វើយ៉ាងណាជំរុញកំណើនទេសចរទៅមកប្រទេសទាំងពីរបន្ថែម ក៏ដូចជារួមចំណែកក្នុងការទាក់ទាញទេសចរប្រទេសទី៣ឱ្យមកកាន់ប្រទេសកម្ពុជាបន្ថែមទៀតផងដែរ។

ឯកឧត្តម​រដ្ឋលេខាធិការប្រចាំការបានបន្តថា កម្ពុជាមានទុនសុខសន្តិភាពជាកត្តាសំខាន់បំផុត ក្រៅពីនោះក៏កំពុងមានការអភិវឌ្ឍ និងជាគោលដៅសំខាន់មួយសម្រាប់ភ្ញៀវទេសចរមកពីគ្រប់ទិសទី ពិសេសគឺមកពីទីផ្សារទេសចរណ៍ប្រទេសចិន។

ឯកឧត្តម​បានបញ្ជាក់ទៅកាន់ប្រតិភូមជ្ឈមណ្ឌលអាស៊ាន-ចិនថា នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ភ្ញៀវទេសចរជាតិ និងភ្ញៀវអន្តរជាតិផ្ទៃក្នុងបានចេញដើរលេងកម្សាន្តប្រមាណជាង១៣លាននាក់ ដែលសបញ្ជាក់ថាកម្ពុជាជាគោលដៅមានសុវត្ថិភាព សន្តិសុខ សណ្ដាប់ធ្នាប់ល្អ ដោយរាជរដ្ឋាភិបាលបានគ្រប់គ្រងស្ថានភាពជំងឺកូវីដ១៩បានយ៉ាងល្អ ជាហេតុនាំឱ្យប្រជាពលរដ្ឋ និងភ្ញៀវទេសចរដើរលេងគ្មានទុក្ខព្រួយ។

ឯកឧត្តម​ ទិត ចន្ថា បានបញ្ជាក់បន្ថែមប្រាប់អ្នកសារព័ត៌មានថា ក្នុងឆ្នាំ២០២៣នេះ កម្ពុជារំពឹងទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ៤លាននាក់ ក្នុងនោះនឹងទទួលបានភ្ញៀវទេសចរចិនប្រមាណ១លាននាក់ដែរ៕