អភិបាលស្រុកព្រៃកប្បាស បានបើកដៃឲ្យថៅកែដីឡូតិ៍ លុបប្រឡាយមេរំដោះទឹក ក្រោមរូបភាពបន្លំកាយដីដាក់លូលើគំរោងអភិវឌ្ឍន៍យកលុយខ្ទង់ម៉ឺនដូល្លារចែកគ្នា

ខេត្តតាកែវ៖ ពលរដ្ឋក្នុងស្រុកព្រៃកប្បាសរួមទាំងមន្ត្រីរាជការជាច្រើនបាននាំគ្នា មិនពេញចិត្តចំពោះទង្វើររបស់ លោក ឌឹម គឹមសាន្ត អភិបាលស្រុកព្រៃកប្បាសថ្មី បានបើកដៃឲ្យថៅកែដីឡូតិ៍ ធ្វើព្យុះភ្លៀងក្នុងភូមិសាស្រ្តស្រុក បំផ្លាញហេដ្ឋារចនាមួយចំនួន និងលុបប្រឡាយដាក់លូតូចៗ ក្នុងប្រឡាយមេរំដោះទឹក ដែលមានទទឹង២៥ម៉ែត្រ ស្ថិតនៅភូមិព្រៃល្វាកើត ឃុំព្រៃល្វា ស្រុកព្រៃកប្បាស ខេត្តតាកែវ។

ប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថា អភិបាលស្រុកជាច្រើនអ្នកមកហើយ បានទប់ស្កាត់ ការដាក់លូលុបប្រឡាយមេរំដោះទឹកមួយនេះព្រោះប្រឡាយមេមួយនេះ មានសារៈសំខាន់ណាស់ ក្នុងការំដោះទឹក ឬស្តុបទឹកទុកអោយពលរដ្ឋប្រើប្រាស់។

ប្រជាពលរដ្ឋនៅភូមិព្រៃល្វាកើត ឃុំព្រៃល្វា ស្រុកព្រៃកប្បាស ខេត្តតាកែវ បានប្រាប់ឲ្យដឹងទៀតដែរថា ថៅកែដីឡូតិ៍ខាងលើធ្លាប់សុំច្បាប់ដាក់លូលុបប្រឡាយនេះ ជាច្រើនដងមកហើយ តែអភិបាលស្រុកចាស់ពីមុន មិនអនុញ្ញាតិដាច់ខាត តែមកដល់លោក ឌឹម គឹមសាន្ត អភិបាលស្រុកថ្មី បែរជាត្រូវរ៉ូវគ្នាជាមួយថៅកែដីឡូតិ៍ អនុញ្ញាតិអោយចាក់ដីលុបធ្វើឲ្យផ្អើលទាំងពលរដ្ឋនិងមន្ត្រីគ្រាក់ៗក្នុងស្រុកតែម្តង។

លោក ឌឹម គឹមសាន្ត អភិបាលស្រុកព្រៃកប្បាស បានបញ្ជាក់ថា លោកពិតជាអនុញ្ញាតិច្បាប់អោយថៅកែដីឡូ ចាក់លុបប្រឡាយដាក់លូនៅចំណុចភូមិព្រៃល្វាកើត ឃុំព្រៃល្វា ស្រុកព្រៃកប្បាស ខេត្តតាកែវ មែន ដោយផ្អែកទៅលើមន្ត្រីជំនាញចុះសិក្សាឯកភាពគ្នា។លោកបានបញ្ជាក់ទៀតថាបើករណីចាក់ដីលុបប្រឡាយនេះត្រូវបានពលរដ្ឋរិះគន់លោកនឹងពិចារណាឡើងវិញ។

ពលរដ្ឋស្នើរដល់ លោក អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ ពិចារណាឡើងវិញ ចំពោះលោក លោក ឌឹម គឹមសាន្ត អភិបាលស្រុកព្រៃកប្បាស និងថៅកែដីឡូតិ៍ ដែលត្រូវរ៉ូវគ្នាក្រោមរូបភាពបន្លំកាយដីដាក់លូលើគំរោងអភិវឌ្ឍន៍យកលុយខ្ទង់ម៉ឺនដូល្លារចែកគ្នា៕