ចោរស្ទើរភ្លើង! ជនសង្ស័យភ័យពេក បើករថយន្ត ធ្លាក់ផ្លូវ កល់ទ្រូង ទៅមុខមិនរួច ត្រូវបានសមត្ថកិច្ចក្រុងប៉ោយប៉ែត ចាប់ឃាត់ខ្លួនបាន

 

ខេត្តបន្ទាយមានជ័យ÷ សមត្ថកិច្ចនៃអធិការក្រុងប៉ោយប៉ែត បានចាប់ឃាត់ខ្លួនជនសង្ស័យដែលលួច រថយន្តម៉ាក់ Ford
បានហើយ បន្ទាប់ពីជនសង្ស័យ បើករថយន្ត ធ្លាក់ផ្លូវ កល់ទ្រូង ទៅមុខមិនរួច នៅវេលាម៉ោង១០ និង២៥នាទីយប់ នាថ្ងៃទី៥ ខែមករា ឆ្នាំ២០២៣ ចំណុចភូមិជនពិការ សង្កាត់អូឬស្សី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

តាមប្រភពព័ត៌មានដែលទទួលបានពី លោកវរៈសេនីយ៍ឯក សៅ សារឿន អធិការក្រុងប៉ោយប៉ែត បានឲ្យដឹងថា ជនសង្ស័យ បានលួចយក រថយន្តម៉ាក Ford ស្លាកលេខ បន្ទាយមានជ័យ 2E-7998 នៅវេលាម៉ោងប្រហែល ៦ និង៣០នាទីយប់ នាថ្ងៃទី៥ ខែមករា ឆ្នាំ២០២៣ នៅចំណុចភូមិអូរឫស្សី សង្កាត់អូរឫស្សី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ដោយមានបញ្ជាពី លោកវរៈសេនីយ៍ឯក សៅ សារឿន អធិការក្រុងប៉ោយប៉ែត ដោយផ្ទាល់ កម្លាំងបានសហការគ្នាបានល្អ ធ្វើឲ្យជនសង្ស័យភ័យរហូតបើករថយន្ត ធ្លាក់ផ្លូវ កល់ទ្រូង ទៅមុខមិនរួច កម្លាំងសមត្ថកិច្ចជំនាញធ្វើការឃាត់ខ្លួនបានជនសង្ស័យ និងរថយន្តម៉ាក់ Ford មួយគ្រឿង។

សមត្ថិច្ចជំនាញ បានបញ្ជូនជនសង្ស័យ មកកាន់អធិការក្រុងប៉ោយប៉ែត និងកសាងសំណុំរឿងចាត់ការតាមច្បាប់ និងរថយន្ត Ford បានប្រគល់ឲ្យម្ចាស់វិញ៕