រថយន្តកូរ៉េមួយគ្រឿងបើកបុកម៉ូតូមួយគ្រឿងក្នុងទិសដៅបញ្រ្ចាស់ទិសគ្នា បណ្តាលឱ្យនារីម្នាក់ដែលជាអ្នកជិះម៉ូតូស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ស្ថិតនៅក្នុងភូមិសាស្រ្ត ខេត្តព្រៃវែង

 

ខេត្តព្រៃវែង៖ រថយន្តកូរ៉េមួយគ្រឿងបើកបុកម៉ូតូមួយគ្រឿងក្នុងទិសដៅបញ្រ្ចាស់ទិសគ្នា បណ្តាលឱ្យនារីម្នាក់ដែលជាអ្នកជិះម៉ូតូស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ នៅវេលាម៉ោង៧នឹង៣០នាទីព្រឹក នាថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២ ស្ថិតតាមបណ្តោយផ្លូវជាតិលេខ8A ក្នុងទឹកដីភូមិត្នោត ឃុំរកា ស្រុកពារាំង ខេត្តព្រៃវែង ។

តាមប្រភពព័ត៌មានបានឱ្យដឹងថា ជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតមាន ឈ្មោះ ភ័ក្រ បុប្ផា អាយុ១៨ឆ្នាំ មានទីលំនៅភូមិជ្រៃ ឃុំរាប ស្រុកពារាំង ខេត្តព្រៃវែង បានបើកម៉ូតូមួយគ្រឿងពាក់ស្លាកលេខ ភ្នំពេញ 1GQ 7089 ក្នុងទិសដៅពីលិចទៅកើត និងរថយន្តកូរ៉េពណ៌ខៀវបើកបរដោយបុរសម្នាក់ក្នុងទិសដៅពីកើតមកលិចលុះចំណុចកើតហេតុស្រាប់តែរថយន្តបានរេចង្កូតមកបុកម៉ូតូពេញទំហឹងហើយក្រឡាប់ធ្លាក់ចូលប្រឡាយទឹកបណ្តាលឱ្យនារីដែលជិះម៉ូតូស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ។

ហេតុការខាងលើកើតហើយភ្លាមៗ សមត្ថកិច្ចជំនាញផ្នែកចរាចរណ៍ ចុះមកដល់ចំណុចកើតហេតុ ត្រួតពិនិត្យ វាស់វែង ធ្វើកំណត់ហេតុរួចហើយ ក៏បញ្ជូនខ្លួនអ្នកបើកបររថយន្ត និងស្ទូចរថយន្តយកទៅអធិការដ្ឋាននគរបាលស្រុកពារាំងដើម្បីដោះស្រាយតាមនិតិវិធីច្បាប់ និងសពជនរងគ្រោះ សមត្ថកិច្ចជំនាញ បានប្រគល់ជូនគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕