អង្គភាពប្រឆាំងអំពើពុករលួយ បានកោះអញ្ជើញឯកឧត្តម ឧត្តមសេនីយ៍ឯក ច័ន្ទ ពន្លឹក ចូលមកបំភ្លឺ ភាពមិនប្រក្រតី បង្កើតអំពើពុករលួយជាច្រើន

 

ភ្នំពេញ ÷ ឯកឧត្តមទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២ បានសុំការ បំភ្លឺ ពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ច័ន្ទ ពន្លឹក សាកលវិទ្យាធិការរង សាកលវិទ្យាល័យការពារជាតិ ដែលមានអ្នក ប្តឹង ចូលមកអង្គភាពប្រឆាំងអំពើរពុករលួយ ទទួលបាននៅថ្ងៃទី ១៨ ខែ មករា ឆ្នាំ ២០២២ ដោយមានភាពមិនប្រក្រតីជាច្រើនមានដូចខាងក្រោម ÷
១. តម្រូវឲ្យបុគ្គលិកតាមការិយាល័យ និងមហាវិទ្យាល័យ បង់ប្រាក់ប្រចាំសប្តាហ៍ និងប្រចាំខែ ចាប់ពី ១លានរៀល ដល់ ២លានរៀល។
នាយទាហានដែលបញ្ចប់ការសិក្សា ចង់បម្រើការងារនៅសាកលវិទ្យាល័យការពារជាតិ ត្រូវបង់ប្រាក់ចាប់ពី ៣.០០០ដុល្លារ ដល់ ៤.០០០ដុល្លារ ក្នុង ០១ខែៗ។
២. បង្ខំឲ្យនិស្សិតបង់ប្រាក់ ០១វគ្គ ចំនួន ២លានរៀល។
៣. តម្រូវឲ្យអ្នកព្យួរឈ្មោះ បង់ប្រាក់ ០១ឆ្នាំ ៥០០ដុល្លារ។
៤. តម្រូវឲ្យអ្នកសុំចូលរៀនបន្ត បង់ប្រាក់ចាប់ពី ៣០០ដុល្លារ ដល់ ៥០០ដុល្លារ។
៥. តម្រូវឲ្យអ្នករៀនចប់ហើយ ចង់ផ្ទេរទៅអង្គភាពវិញ បង់ប្រាក់ចាប់ពី ២០០ដុល្លារ ដល់ ៣០០ដុល្លារ។
៦. តម្រូវឲ្យអ្នកចង់បានតំណែងជាសាកលវិទ្យាធិការរង បង់ប្រាក់ចាប់ពី ១០.០០០ដុល្លារ ដល់ ១៥.០០០ ដុល្លារ។
៧. តម្រូវឲ្យអ្នកចង់បានតំណែងជានាយមុខវិជ្ជា បង់ប្រាក់ចាប់ពី ៥.០០០ដុល្លារ ដល់ ៨.០០០ដុល្លារ។
៨. យកប្រាក់ពីអ្នកឡើងស័ក្តិ ចាប់ពី ៣០០ដុល្លារ ដល់ ៥០០ដុល្លារ។
៩. ករណីយោធាចារ្យ បង្រៀនមួយម៉ោងទទួល ៥.០០០រៀល សរុប ១០៧នាក់ ក្នុងមួយត្រីមាស សរុប ប្រាក់ជាង ៤០០លានរៀល គុណនឹងបួនត្រីមាស សរុបជាង ១.៦០០លានរៀល ប្រាក់នេះក្រសួងផ្តល់ ឲ្យការឡើងថ្នាក់របស់យោធាចារ្យ ប៉ុន្តែឪពុក និងកូនទាំងបីរបស់ឯកឧត្តមបានកិបកងបាត់តាំងពីខែមេសា ឆ្នាំ២០២១ រហូតមកដល់បច្ចុប្បន្ន។
១០. កិបកេងប្រាក់អន្តរាគមន៍របស់ក្រសួង ក្នុង ០១ខែ ៣០លានរៀល បាត់ឈឹងរយៈពេល ៣ឆ្នាំមកហើយ និងប្រាក់ហ្វឹកហ្វឺន ០១ខែ ១០០លានរៀល ដោយមហាវិទ្យាល័យទាំង០៥ និង០៣ មជ្ឈមណ្ឌល មិនបានទទួល ហើយត្រូវចំណាយខ្លួនឯង។
១១. ករណីនិស្សិត ចាប់ពីមានជំងឺកូវីដផ្ទុះឡើង នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ ២០២១ គឺសាកលវិទ្យាល័យការពារជាតិ មិនឲ្យនិស្សិតចូលរៀនផ្ទាល់ ដោយបង្រៀនតាមអនឡាញ ចាប់ពីខែមីនា ឆ្នាំ២០២១និស្សិតជាង ៨០០នាក់ មិនបើកអង្ករឲ្យទេ ដោយក្នុងម្នាក់ទទួលបានចំនួន ២២.៥គីឡូក្រាម និងប្រាក់ហូប ចំនួន ១២.០០០រៀល រហូតដល់ខែសីហា ឆ្នាំ២០២១ បាត់សូន្យតែម្តង។
១២. និស្សិតខ្លះចូលរៀនបាន ០៣ឆ្នាំ ទទួលបានសញ្ញាបត្រ០៣ ទាំងបរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ មិនមករៀនក៏ទទួលបានសញ្ញាបត្រដែរ ឲ្យតែបង់ប្រាក់ពី ៣.០០០ដុល្លារ ដល់ ៥.០០០ដុល្លារ ជាការស្រេច។
១៣. ឃុបឃិតគ្នាលក់រថយន្តរួមក្នុងសាកលវិទ្យាល័យការពារជាតិ ចំនួន ០៤គ្រឿង និងសម្ភារៈចាស់ៗក្នុង ឃ្លាំងមួយចំនួនធំមកទុកជាប្រយោជន៍ផ្ទាល់ខ្លួន ៕