ផ្អើលពេញផ្លូវជាតិលេខ៤! រថយន្តធន់ធំមួយគ្រឿងបុកគេហើយព្យាយាមបើករត់គេចបានចម្ងាយជាង១០គីឡូ ត្រូវបាន ប៉េអឹម ប៉ូស ប្រដេញស្ទាក់ចាប់បាន

 

ខេត្តព្រះសីហនុ ÷ រថយន្តធន់ធំ ១គ្រឿង បានបើកបុកម៉ូតូ ១គ្រឿង នៅលើកំណាត់ផ្លូវជាតិលដខ៤ ចំណុចជញ្ជីងថ្លឹងរថយន្ត អូចំណារ ចន្លោះគីឡូម៉ែត្រលេខ១៩៦ និង១៩៧ ស្ថិតនៅក្នុងភូមិអូឧកញ៉ាហេង ឃុំអូឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា រថយន្តធន់ធំបើកចេញពីទិសដៅខេត្តព្រះសីហនុ ឆ្ពោះទៅរាជធានី ដល់ចំណុចកើតហេតុខាងលើបានបើកបុកម៉ូតូមួយគ្រឿងជាហេតុធ្វើឲ្យកុងរថយន្តព្យាយាមបើកគេចខ្លួនវ៉ាជែង រថយន្ត ម៉ូតូ ជាច្រើនគ្រឿង បង្កឲ្យមានការភ័យខ្លាច និងភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅលើកំណាត់ផ្លូវជាតិលេខ៤ ត្រងចំណុចកើតហេតុខាងលើ ។

ដោយឃើញហេតុការដូច្នោះ កម្លាំងកងរាជអាវុធហត្ថស្រុកព្រៃនប់ បានសហការជាមួយកម្លាំងអធិការស្រុក ប្រដេញស្ទាក់បានរថយន្តធន់ធំនៅចំណុចរង្វង់មូលសួនច្បារវាលរេញ នៅខណៈវេលាម៉ោង៤ និង០០នាទី នាថ្ងៃទី២០ ខែមករា ឆ្នាំ២០២២ ។

សមត្ថកិច្ច បានឃាត់រថយន្ត និងតៃកុងរថយន្ត យកមកកាន់អធិការដ្ឋាននគរបាលស្រុកព្រៃនប់ រងចាំការដោះស្រាយតាមនិតិវិធីច្បាប់ ៕