សមត្ថកិច្ចនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច សហការបង្រ្កាបបទល្មើសនេសាទខុសច្បាប់លើផ្ទៃបឹងទន្លេសាប បានចំនួន ០២ករណី

ខេត្តពោធិ៍សាត់ ៖ ដោយអនុវត្តជាប្រចាំដូចភ្លៀងរលឹម លោកវរសេនីយ៍ទោ ឈឹម ស៊ីថា នាយរងការិយាល័យ បានដឹកនាំកម្លាំងនគរបាល នៃការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ធ្វើកិច្ចសហប្រតិបត្តិការចុះត្រួតពិនិត្យ បង្ការ ទប់ស្កាត់ និងបង្ក្រាប ការនេសាទដោយប្រើប្រាស់ឧបករណ៍ខុសច្បាប់ នៅលើផ្ទៃបឹងទន្លេសាប បានចំនួន ០២ករណី ។

លោកវរសេនីយ៍ឯក សៀន វីរៈ នាយការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច បានប្រាប់ឲ្យដឹងថា ៖ នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤ ចាប់ពីម៉ោង១ និង៣០នាទីរសៀល ដល់ម៉ោង៤ល្ងាច កម្លាំងនគរបាលប្រឆាំងបទល្មើសេដ្ឋកិច្ចខេត្ត ដឹកនាំដោយលោកវរសេនីយ៍ទោ ឈឹម ស៊ីថា នាយរងការិយាល័យ បានសហការជាមួយកម្លាំងផ្នែករដ្ឋបាលជលផលរាំងទិល កម្លាំងសង្កាត់រដ្ឋបាលជលផលបាកាន ដឹកនាំដោយលោក ជិន ចាន់ថន នាយផ្នែក កម្លាំងកងរាជអាវុធហត្ថខេត្ត កម្លាំងប្រតិបត្តិការសឹករងខេត្ត និងបរិស្ថានស្រុក ដែលមានកម្លាំងសរុបចំនួន ១៥នាក់ និងមធ្យោបាយកាណូតចំនួន ០៤គ្រឿង បានចេញប្រតិបត្តិការ ត្រួតពិនិត្យ ទប់ស្កាត់ និងបង្រ្កាបបទល្មើសជលផល នៅចំនុចមុខព្រែកដីរនាត ដល់មុខព្រែកក្អមសំណរ តាមដងទន្លេ ស្ថិតក្នុងភូមិដីរនាត ឃុំមេទឹក ស្រុកបាកាន ខេត្តពោធិ៍សាត់ បានប្រទះឃើញបទល្មើសនេសាទដោយប្រើឧបករណ៍ខុសច្បាប់ លបណ រ៉ាវ និងឈ្នក់ ចំនួន ០២ករណី ។

លោកនាយការិយាល័យ បានបញ្ជាក់ឲ្យដឹងថា ៖ ក្នុងការបង្ក្រាបទាំង០២ករណីនោះ ១-បង្ក្រាបបទល្មើសនេសាទដោយប្រើឧបករណ៍ លបណ រ៉ាវ ១ករណី ដកហូតវត្ថុតាងមាន របាំងសាច់អួនចំនួន ៤ខ្សែ ប្រវែង ១២០០ម៉ែត្រ, ក្បាលបរចំនួន ៦គ្រឿង, បង្គោលចំនួន ៣០០ដើម និងត្រីចម្រុះទំងន់ ១០០ គីឡូក្រាម ។ ២-បង្រ្កាបបទល្មើសនេសាទដោយប្រើឧបករណ៍ ឈ្នក់ ១ករណី ដកហូតវត្ថុតាង សាច់ឈ្នក់ចំនួន ០៨វង់ ស្មើ១០កន្លែង, បង្គោលឬស្សីចំនួន ៨០ដើម និងខ្សែរួមផ្សំប្រវែង២០០ម៉ែត្រ។ ចំពោះវត្ថុតាង សមត្ថកិច្ចបានបំផ្លាញចោលនៅនឹងកន្លែង រីឯត្រីចម្រុះ ត្រូវបានប្រលែងចូលក្នុងទឹកទន្លេវិញ៕