វាំងននខ្មៅនៅពីខាងក្រោយខ្នង លោក ស្នងការរងខេត្តកំពង់ស្ពឺ ត្រូវបានបើកលាតត្រដាងការពិត បន្ទាប់ពីប្រពន្ធដើមដែលជាអធិការរង ដាក់ពាក្យបណ្តឹង ទប់ស្កាត់មង្គលការ

គិតទៅអ្វីក៏អាចធ្វើបាន មានអំណាច មានផ្កាយ ផ្លាស់ប្តូរឈ្មោះ លាក់ប្រវត្តិ បានយ៉ាងងាយស្រួល ប្រពន្ធដើមមានតួនាទី និងតំណែង រហូតអធិការរងខណ្ឌ ក៏លោកឧត្តមសេនីយ៍ត្រី ង៉ាម រី ជាស្នងការរងនគរបាលទទួលផែនព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការនគរបាលខេត្តកំពង់ស្ពឺ លួចទៅរៀបអាពាហ៍ពិពាហ៍ តែទីបំផុតផែនការរៀបចំត្រូវបានរលាយអស់ មួយពព្រិចភ្នែក។

សូមបញ្ជាក់ថា លោកឧត្តមសេនីយ៍ត្រី ង៉ាម រី បានប្តូរឈ្មោះថ្មីមកឈ្មោះ ឃុត វឌ្ឍនា រស់នៅភូមិខ្ទរ ឃុំព្រែកលាប ស្រុកមុខកំពូល ខេត្តកណ្តាល ដែលត្រូវរៀបការធ្វើឡើងនៅថ្ងៃទី១៩ ខែមករាឆ្នាំ២០២៤ នៅផ្ទះខាងស្រីភូមិស្រែថ្នល់ ឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ជាមួយខាងស្រីឈ្មោះ ឃិន ស្រស់ មុខរបរលក់ដូរ ។

បើតាមប្រភពព័ត៌មានពីមន្ត្រីសាលាឃុំកាហែងឲ្យដឹងថាលោក ង៉ាម រី ឬលោក ឃុត វឌ្ឍនា បានមកស្នើសុំចុះ សំបុត្រអាពាហ៍ពិពាហ៍ ត្រឹមត្រូវដែលមានការបញ្ជាក់ពីលោកចៅសង្កាត់បឹងសាឡាង ជាពោះម៉ាយ មានទីលំនៅភូមិ១២ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ទើបសា លាឃុំកាហែង បានចេញប័ណ្ណប្រកាសអាពាហ៍ពិពាហ៍ ជូនសាម៉ីខ្លួនតាមការស្នើសុំ ។

ប្រភពព័ត៌មានបានបង្ហើបឱ្យដឹងថា លោកឧត្តមសេនីយ៍ត្រីង៉ាម រី មានប្រពន្ធដើម ជាអធិការរងនៅក្នុងខណ្ឌសែនសុខ។ ហើយកន្លងទៅ៤ទៅ៥ឆ្នាំមុន លោកង៉ាម រី ក៏ធ្លាប់ផ្ទុះរឿងអាស្រូវម្តងហើយដែរ។

ជាមួយគ្នានេះដែរលោកស្នងការនគរបាលខេត្តកំពង់ស្ពឺ បានបង្ហើបឲ្យដឹងថា រឿងលោកឧត្តមសេនីយ៍ត្រី ង៉ាម រី ស្នងការរងរៀបការនោះលោកមិនបានដឹងទេ ពីព្រោះគេមិនបានប្រាប់លោកឡើយ ។ មួយវិញទៀត សូម្បីតែមន្ត្រីនគរបាលម្នាក់ណាក៏គេមិនហៅផង គឺថាជិតឈឹងតែម្តង ត្រង់នេះរូបលោកមិនអាចបកស្រាយបានឡើយ។

លោកស្នងការបានបញ្ជាក់យ៉ាងខ្លីថា មកទល់រសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ នេះប្រពន្ធដើមលោកឧត្តមសេនីយ៍ត្រី ង៉ាម រី ស្នងការរង បានមកដាក់ពាក្យប្តឹងជាផ្លូវការហើយដើម្បីទប់ស្កាត់ពិធីមង្គលការខាងលើ ។