សូមប្រុងប្រយ័ត្ន! ព្រះរាជាណាចក្រកម្ពុជាខេត្ត ក្រុង មួយចំនួន អាចបង្កជាជំនន់ទឹកភ្លៀង ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣

សូមគោរពជម្រាបជូនអំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជាសម្រាប់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៣៖

ប្រព័ន្ធសម្ពាធខ្ពស់កម្រិតមធ្យម ដែលលាតសន្ធឹងពីប្រទេសចិន អូសបន្លាយដល់ប្រទេសថៃផ្នែកខាងលើ និងសមុទ្រចិនភាគខាងត្បូង បានរលាយបាត់។ ទន្ទឹមនឹងនេះ ខ្យល់មូសុងនិរតី ដែលកំពុងមាននៅលើឈូងសមុទ្របេងកាល (Bay of Bengal) និងនៅលើសមុទ្រអាដាំមែន (Andaman Sea) នឹងគ្របដណ្តបលើឈូងសមុទ្រថៃ បានកើនឥទ្ធិពលខ្លាំង។ កត្តាទាំងនេះធ្វើឱ្យមានប្រព័ន្ធសម្ពាធទាប (ITCZ) អូសបន្លាយ នឹងគ្របដណ្តប់ពីលើប្រទេសកម្ពុជា។

ស្ថានភាពបែបនេះនឹងធ្វើឱ្យ ៖

ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៥ ខែតុលា នៅតាមបណ្ដាខេត្តមួយចំនួនដូចជា ខេត្តស្ទឹងត្រែង ខេត្តព្រះវិហារ ខេត្តរតនគិរី និងខេត្តមណ្ឌលគិរី នៅតែមានភ្លៀងធ្លាក់បន្តក្នុងកម្រិតខ្សោយទៅមធ្យម ដែលគ្របដណ្តប់លើផ្ទៃដីពី ៣០% ទៅ ៥០%។

នៅរាជធានីភ្នំពេញ តំបន់មាត់សមុទ្រ និងតំបន់ទំនាបកណ្តាល នឹងមានភ្លៀងធ្លាក់នៅក្នុងកម្រិតបង្គួរ លាយឡំនឹងផ្គររន្ទះជាមួយនឹងទំហំទឹកភ្លៀងធ្លាក់គ្របដណ្តប់លើផ្ទៃដីពី ៥០% ទៅ ៦០%។

សូមប្រជាពលរដ្ឋត្រូវប្រុងប្រយ័ត្នខ្ពស់ចំពោះស្ថានភាពនេះ ដែលអាចបង្កជាជំនន់ទឹកភ្លៀង៕