ព្រឹទ្ធសភាបន្តសម័យប្រជុំលើកទី១០ ដើម្បីពិនិត្យហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់ចំនួន០២

នាព្រឹកថ្ងៃអង្គារ ទី១៣ ខែមិថុនា ឆ្នាំ២០២៣ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានបន្តសម័យប្រជុំលើកទី១០ នីតិកាលទី៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដោយមានវត្តមានសមាជិកព្រឹទ្ធសភាចូលរួមចំនួន៦០រូប។
អង្គប្រជុំបានដំណើរការដោយមានរបៀបវារៈចំនួន០២ដូខាងក្រោម៖
១-ពិនិត្យ ហើយឱ្យយោបល់លើសេចក្តីព្រាងក្រមបរិស្ថាន និងធនធានធម្មជាតិ។
ក្នុងរបៀបវារៈទី១នេះ ត្រូវបានឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ប្រធានគណៈកម្មការទី៣ព្រឹទ្ធសភា អញ្ជើញឡើងរាយការណ៍ជូនអង្គប្រជុំជ្រាបអំពីលទ្ធផល នៃការពិនិត្យសិក្សាសេចក្តីព្រាងក្រមបរិស្ថាន និងធនធានធម្មជាតិ និងសមាជិកព្រឹទ្ធសភាឡើងមានយោបល់ និងលើកជាសំណួររួចមក ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានឆ្លើយបំភ្លឺជូនអង្គប្រជុំព្រឹទ្ធសភា។
អង្គប្រជុំព្រឹទ្ធសភាបានពិនិត្យ ហើយឱ្យយោបល់ឯកភាពទាំងស្រុងលើសេចក្តីព្រាងក្រមទាំងមូលដោយឥតកែប្រែ ចំនួន៦០សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល។
២-ពិនិត្យ ហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេវាកម្មអាស៊ាន។
របៀបវារៈទី២នេះ ត្រូវបានឯកឧត្តម គង់ សារាជ ប្រធានគណៈកម្មការទី៩ព្រឹទ្ធសភា អញ្ជើញឡើងធ្វើសេចក្តីរាយការណ៍ជូនអង្គប្រជុំជ្រាបអំពីលទ្ធផលនៃការពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់ និងសមាជិកព្រឹទ្ធសភាឡើងមានយោបល់ និងលើកជាសំណួររួចមក ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានឆ្លើយបំភ្លឺជូនអង្គប្រជុំព្រឹទ្ធសភា ។
អង្គប្រជុំព្រឹទ្ធសភាបានពិនិត្យ ហើយឱ្យយោបល់ឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់ទាំងមូលដោយឥតកែប្រែ ចំនួន៦០សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល៕