សម្តេចអគ្គមហាពញាចក្រី ហេង សំរិន៖ ក្នុងរយៈពេលជាង៤០ឆ្នាំមកនេះ ក្រោមម្លប់សនិ្តភាពពេញលេញ ប្រជាពលរដ្ឋខ្មែរពិតជាមានមោទនភាពយ៉ាងក្រៃលែង ចំពោះសមិទ្ធផលជាប្រវត្តិសាស្រ្ត ជាច្រើនឥតគណនាដែលគណបក្សប្រជាជនកម្ពុជាផ្តល់ជូន

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារថ្មី ពុទ្ធាភិសេក និងសម្ពោធឆ្លងសមិទ្ធផលនានា ក្នុងវត្តបុទុមព្រឹក្ស (ហៅវត្តពពេល) ស្ថិតក្នុងភូមិពពេល ឃុំពពេល ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំនៅថ្ងៃសៅរ៍ ទី៣ ខែមិថុនា ឆ្នាំ ២០២៣នេះ។

សម្តេចប្រធានរដ្ឋសភា បានលើកឡើងថា ក្នុងរយៈពេលជាង៤០ឆ្នាំមកនេះ ក្រោមម្លប់សនិ្តភាពពេញលេញ និងក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ប្រជាពលរដ្ឋខ្មែរពិតជាមានមោទនភាពយ៉ាងក្រៃលែង ចំពោះសមិទ្ធផលជាប្រវត្តិសាស្រ្ត ជាច្រើនឥតគណនាដែលកើតឡើងពីការខិតខំប្រឹងប្រែង របស់យើងទាំងអស់គ្នាក្នុងការស្តារ និងកសាងប្រទេសជាតិមួយដែលត្រូវបំផ្លិចបំផ្លាញ ញាំញីដោយសារសង្គ្រាមដ៏រ៉ាំរ៉ៃ អស់ជាច្រើនទស្សវត្សរ៍ ឱ្យក្លាយជាទឹកដីមួយដែលពោរពេញ ដោយសុខសន្តិភាព ស្ថិរភាព និងមានការរីកចម្រើនឥតឈប់ឈរនិងកំពុងបោះជំហានទៅមុខយ៉ាងស្វាហាប់ឆ្ពោះទៅកាន់អនាគតដ៏រុងរឿង។

សម្តេចបានគូសបញ្ជាក់ថា គិតមកដល់សព្វថ្ងៃនេះ ក្រៅពីហេដ្ឋារចនាសម្ពន្ធរូបវ័ន្តសំខាន់ៗរួមមាន៖ ផ្លូវ ស្ពាន ថ្នល់ សាលារៀន មន្ទីរពេទ្យ និងអាគារធំៗ និងខ្ពស់ៗ បាននិងកំពុងរីកស្គុះស្គាយពាសពេញផ្ទៃប្រទេស គណបក្សប្រជាជនកម្ពុជា សម្រេចបានសមិទ្ធផលធំៗជាប្រវត្តិសាស្រ្តជាច្រើន ហើយមួយក្នុងចំណោមសមិទ្ធផលទាំងនោះ ការទប់ស្កាត់មិនឱ្យរបបប្រល័យពូជសាសន៍អាចវិលត្រឡប់មកវិញបាន និងការពារការរស់ឡើងវិញរបស់ជាតិនិងប្រជាជន។

ជាមួយគ្នានេះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ក៍បានលើកឡើងពីសមិទ្ធិផលថ្មីដ៏សំខាន់ផ្សេងទៀត ដែលរាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា បាននាំមកជួនជាតិនិងប្រជាពលរដ្ឋ ដូចជាជោគជ័យនៅក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ការស្តារសេដ្ឋកិច្ចឡើងវិញ ក្រោយពីជំងឺរាតត្បាតនេះ។ នៅក្នុងនោះក៍មានជោគជ័យរបស់សភាកម្ពុជា នៅក្នុងការរៀបចំមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៣ ការរៀបចំកិច្ចប្រជុំកំពូលអាស៊ាននិងកិច្ចប្រជុំកំពូលពាក់ព័ន្ធនានា របស់រាជរដ្ឋាភិបាលនិងការធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ស៊ីហ្គេម និងប៉ារ៉ាហ្គេម ប្រកបដោយមោទនភាពជាទីបំផុតនៅក្នុងប្រវត្តិសាស្រ្ត៦៤ឆ្នាំមកនេះ។ ពិសេសបានបង្ហាញឱ្យពិភពលោកឃើញថា “កម្ពុជាជាប្រទេសតូច តែមានបេះដូងធំទូលាយ”។ “កីឡារស់ក្នុងសន្តិភាព” យើងបានបង្ហាញឱ្យពិភពលោកឃើញថា “ការប្រកួតកីឡា គឺលើសពីការឈ្នះនិងចាញ់”។ កីឡាគឺបណ្តុះនូវស្មារតី មិត្តភាព សាមគ្គីភាព ក្នុងសហគមន៍។

សម្តេចប្រធានរដ្ឋសភា បានមានប្រសាសន៍ថា គណបក្សប្រជាជនកម្ពុជា ជាគណបក្សដែលមានមគ្គុទេសឆ្នើម ក្នុងការដឹកនាំនាវាកម្ពុជាឱ្យសម្រេចបាននូវសុខសន្តិភាព វិបុលភាព ការបង្រួបបង្រួមជាតិ ដោយបានបញ្ចប់សង្គ្រាមស៊ីវិលជាស្ថាពរ តាមរយៈនយោបាយឈ្នះឈ្នះ នាឆ្នាំ១៩៩៨ និងមានការអភិវឌ្ឍលើគ្រប់វិស័យ ឈានឆ្ពោះទៅសម្រេចគោលដៅរបស់ខ្លួនក្នុងការធ្វើឱ្យកម្ពុជាក្លាយជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងក្លាយជាប្រទេសអភិវឌ្ឍន៍ជឿនលឿននាឆ្នាំ២០៥០ខាងមុខ។ គណបក្សប្រជាជនកម្ពុជាប្តេជ្ញាយ៉ាងមុតមាំថា នឹងបន្តពង្រឹងនូវសាមគ្គីភាពប្រជាជាតិទាំងមូល ដោយមិនបែងចែកនិន្នាការនយោបាយ ភេទ ជំនឿ សាសនា ដើមកំណើតជាតិសាសន៍ និងឋានៈក្នុងសង្គម គឺដើម្បីថែរក្សា និងពង្រីករាល់សមិទ្ធផលនានា ធានាបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ វិបុលភាព និងការអភិវឌ្ឍ សំដៅកសាងនិងការពារមាតុភូមិ ឱ្យកាន់តែរីកចម្រើន រុងរឿងតទៅមុខថែមទៀត។

សម្តេចបានលើកទឹកចិត្តដល់ព្រះសង្ឃគ្រប់ព្រះអង្គ ប្រជាពុទ្ធបរិស័ទចំណុះជើងវត្តទាំងអស់ រួមគ្នាថែរក្សាការពារសមិទ្ធផលដ៏ថ្លៃថ្លានេះ ឱ្យបានគង់វង្ស ស្ថិតស្ថេរក្នុងព្រះពុទ្ធសាសនា និងសង្គមយើង និងរក្សាបានកេរ្តិ៍ដំណែលដល់កូនចៅជំនាន់ក្រោយ។ ពិសេសបានអំពាវនាវឱ្យពលរដ្ឋបន្តចូលរួមថែរក្សាសុខសន្តិភាព សុវត្ថិភាពសង្គម ដើម្បីទទួលបានឱកាសអភិវឌ្ឍន៍ប្រទេសជាតិឱ្យកាន់តែរីកចម្រើនទៅមុខទៀត។

មុនបញ្ចប់កម្មវិធីសម្តេចប្រធានរដ្ឋសភាបានអញ្ជើញបំពាក់គ្រឿងឥស្សរិយយសជួនឯកឧត្តម លោកជំទាវ ឧកញ៉ា លោក លោកស្រី សប្បុរសជន ក្រុមការងារ ដែលបានចូលរួមថវិកា កម្លាំងកាយចិត្តកសាងអភិវឌ្ឍន៏ខេត្តត្បូងឃ្មុំផងដែរ ៕