សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលព្រះរាជដំណើរ ព្រះមហាក្សត្រយាងត្រឡប់មកកាន់ព្រះរាជាណាចក្រកម្ពុជាវិញ បន្ទាប់ពីបំពេញព្រះរាជទស្សនកិច្ចផ្លូវរដ្ឋ នៅប្រទេសឥណ្ឌា

នៅរសៀល ថ្ងៃពុធ ១២កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣ នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទទួលព្រះរាជដំណើរយាងនិវត្តន៍ របស់ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ បន្ទាប់ពីព្រះអង្គបានយាងបំពេញ​ព្រះរាជ​ទស្សនកិច្ចផ្លូវរដ្ឋ នៅសាធារណរដ្ឋឥណ្ឌា រយៈពេល៣ថ្ងៃ។

សូមព្រះអង្គទ្រង់ប្រកបដោយព្រះពលានុភាពខ្លាំងក្លា ព្រះបញ្ញាញាណវាងវៃ ព្រះរាជសុខភាពល្អបរិបូណ៌ ព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំ ដល់ប្រជានុរាស្ត្រគ្រប់រូប រស់នៅក្នុងសុខសន្តិភាព តរៀងទៅ៕