សម្តេចតេជោ ហ៊ុន សែន មិនទទួលយកការសុំទោសរបស់លោក ជា ប៉ូច សមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍គណបក្ស ភ្លើងទៀន នោះទេ

ភ្នំពេញ÷ សម្តេចតេជោ ហ៊ុន សែន បានសរសេរលើបណ្តាញតេឡេក្រាមថា ” រឿង ជា ប៉ូច បានកើតឡើងច្រើនថ្ងៃហើយរាប់ទាំង ជា ប៉ូចសរសេរលិខិតមកសុំទោសខ្ញុំកាលពីថ្ងៃ១៥ ឧសភា ២០២៣។ ទាំងសារសម្លេង ជា ប៉ូច ទាំងលិខិត ជា ប៉ូច សុទ្ធតែទទួលស្គាល់ពាក្យទម្លាក់ ហ៊ុន សែន ឲ្យបាន។ ប្រាប់ទៅ ជា ប៉ូច ថា ពាក្យទម្លាក់មានវិធីច្រើនយ៉ាងតាមរបៀបបោះឆ្នោតដូចការពន្យល់ របស់ ប៉ូច ក្នុងលិខិតថ្ងៃ១៥ ឧសភា ២០២៣។ តាមវិធីរដ្ឋប្រហារយោធា តាមការប្រើប្រាស់បដិវត្តពណ៍ ដែលគេប្រើនៅច្រើនកន្លែង ច្រើនប្រទេសដែលមានឈ្មោះខុសគ្នាតែមានគោលដៅទម្លាក់ឬផ្តួលរលំដូចគ្នា រហូតដល់ការធ្វើឃាត ឬគ្រប់សកម្មភាពឲ្យតែកំចាត់មនុស្សដែលខ្លួនត្រូវកំចាត់ឲ្យខាងតែបាន។
ប៉ូច អាចប្រើពាក្យផ្សេងទៀតក្រៅពីពាក្យទម្លាក់ តែប៉ូចនិងបក្សរបស់ខ្លួនវាមានចរិតបែបនេះជារៀងរហូតមកហើយក្លាយជាវប្បធម៍សងសឹកមិនចេះចប់ទាំងមេទាំងកូន។ ”

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ” ខ្ញុំមិនទទួលយកការសុំទោសនោះឡើយ ប៉ូចគិតខ្លួនឯងទៅតើគួរធ្វើបែបណា?
ដើម្បីខ្លួននិងក្រុមគ្រួសារ ឬសុខចិត្តសែងខ្មោចអាក្បត់ជាតិ៣ជំនាន់យកទៅកប់។ នៅមានរឿងដែលអាក្រក់មួយទៀតដែល
មនុស្សក្នុងបក្សរៀបចំឡើងជាលិខិតបដិសេធលើការផ្សាយរបស់ហ្វ្រេសញូវ Fresh news ដែលដាក់ថ្ងៃ១៤ ឧសភា ២០២៣ ដើម្បីឲ្យជា ប៉ូច ចុះហត្ថលេខា។ យោងតាមពង្រាងលិខិតនេះគេមានគោលបំណងវាយប្រហារលើអង្គភាព Fresh news និងរក្សាកិត្តិយសគេទាំងបំពានដោយមិនខ្វល់ពីយុត្តិធម៌នោះឡើយ។
តាមព័ត៌មានដែលយើងទទួលបានលិខិតនេះត្រូវបានព្រាងឡើងដោយលោក សេង ម៉ាឌី ដែលខ្ញុំសុំលោក សេង ម៉ាឌី
ធ្វើការពន្យល់។ ខ្ញុំសុំមេធាវីរបស់ខ្ញុំត្រៀមរៀបចំដំណើរការតាមផ្លូវច្បាប់ទាំងពីរករណីទាំងករណី ជា ប៉ូច ទាំងករណីលិខិតបដិសេធតែត្រូវរង់ចាំរហូតថ្ងៃ៣០ ឧសភា ២០២៣ ដើម្បី ជា ប៉ូច ធ្វើការសម្រេចចិត្តនិងគណបក្សធ្វើការបកស្រាយអំពីលិខិតបដិសេធ សូមភ្ជាប់ជូនសំដី ជា ប៉ូច លិខិតជា ប៉ូច និងលិខិតបដិសេធ។