លោក អ៊ុក បូនីន អធិការនគរបាលខណ្ឌមានជ័យ និងភរិយា បានជួយឧបត្ថម្ភជាទឹកប្រាក់មួយចំនួន ដល់ខ្ញុំបាទ ហង្ស រដ្ឋា ដោយមើលឃើញពីទុក្ខលំបាករបស់ខ្ញុំរយៈពេលប៉ុន្មានខែនេះ

ភ្នំពេញ៖ លោកវរសេនីយ៍ឯក អ៊ុក បូនីន អធិការនគរបាលខណ្ឌមានជ័យ និងភរិយា បានជួយឧបត្ថម្ភជាទឹកប្រាក់ចំនួន ១៥០$(មួយរយហាសិបដុល្លារ) ដល់ខ្ញុំបាទ ហង្ស រដ្ឋា ដើម្បីជួយដោះស្រាយទុកលំបាករបស់ខ្ញុំបានមួយផ្នែកខ្លះ។

ដោយ លោក អ៊ុក បូនីន និងភរិយា បានមើលឃើញពីទុក្ខលំបាករបស់ខ្ញុំបាទ ហង្ស រដ្ឋា ដោយ ឪពុកបង្កើតរបស់ខ្ញុំត្រូវបានចូលសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យព្រះកេតុលាមាលា ហើយណាមួយទៀតខ្ញុំបាទ ហង្ស រដ្ឋា មិនសូវបានធ្វើការងារជាប់ ព្រោះរវល់ ចេញ ចូល មន្ទីរពទ្យ ជាប្រចាំ ជារៀងរាល់ថ្ងៃ ជារៀងរាល់យប់ ជាហេតុធ្វើឲ្យការលំបាកជាច្រើនធ្លាក់មកលើរូបខ្ញុំ ហង្ស  រដ្ឋា។

ខ្ញុំបាទ ហង្ស រដ្ឋា សូមថ្លែងអំណរគុណ និងអរគុណ និងសូមបួងសួងដល់គុណបុណ្យ ព្រះរតនត្រ័យ និងវត្ថុស័ក្ដិសិទ្ធិក្នុងលោក ជាពិសេស ទេវតាឆ្នាំថ្មី ព្រះនាម «កិមិរាទេវី» ជាបុត្រីទី៦ នៃកបិលមហាព្រហ្ម សូមជួយតាមថែរក្សា ប្រោសព្រំ លោកវរសេនីយ៍ឯក អ៊ុក បូនីន និងភរិយា ព្រមទាំងបុត្រា បុត្រី ឲ្យមានសិរីសួស្តី សុភមង្គល វិបុលសុខគ្រប់ប្រការ ចាប់តាំងពីឆ្នាំថ្មីខាងមុខនេះតរៀងទៅ ។

យោងតាមការចុះផ្សាយរបស់ នាយកដ្ឋានព័ត៌មាន នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣ បានឱ្យដឹងថា មហាសង្ក្រាន្តឆ្នាំថោះ បញ្ចស័ក នឹងចូលមកនៅក្នុងថ្ងៃសុក្រ ៩រោច រនោចខែចេត្រត្រូវនឹងថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង ១៦៖០០នាទីរសៀលខាងមុខនេះ។

ព្រះពុទ្ធសករាជ ព្រះសាសនា អតិក្កន្តាកន្លងទៅហើយ បាន ២៥៦៦ ព្រះវស្សា ត្រឹមថ្ងៃព្រហស្បតិ៍ ពេញបូណ៌មីនៃខែពិសាខ។ លុះដល់ថ្ងៃសុក្រ ១រោច ខែពិសាខចូលព្រះពុទ្ធសករាជ ២៥៦៧ ព្រះវស្សាតទៅ។ នឹងគណនាឆ្នាំថោះ បញ្ចស័កឥឡូវនេះសង្ក្រាន្តចូលមកនៅក្នុងថ្ងៃសុក្រ ៩រោច រនោចខែចេត្រ ត្រូវនឹងថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង ១៦៖០០នាទីរសៀល។
នោះព្រះអាទិត្យចរចេញពីមីនរាសី ទៅស្ថិតនៅមេសរាសី ដើរតាមគោវិថី គឺផ្លូវកណ្តាល ទើបមានទេពធីតាមួយព្រះអង្គ ជាមគ្គនាយិកា ព្រះនាម កិមិរាទេវី (បុត្រទី៦) គង់នៅចាតុម្មហារាជិកា ទ្រង់អម្ពរពណ៌ សេត(ពណ៌ស)សៀតផ្កាចង្កុលណី (វារីជាតិប្រភេទឈូក) អាភរណៈ បុស្បរាគ័ម (ត្បូងថ្មពណ៌លឿង) ភក្សាហារ ចេកណាំវ៉ា ឬចេកទឹក ព្រះហស្តស្ដាំទ្រង់ព្រះខ័ន ព្រះហស្តឆ្វេងទ្រង់ ពិណ(ចាបុី) គង់លើខ្នង មាហឹសៈ (សត្វក្របី) ជាពាហនៈ។
នាំអោយពួកនិករ បវរកញ្ញាទាំងមួយសែនកោដិ ហោះទៅកាន់គុហាកែវឈ្មោះ គន្ធមាលី នាទីភ្នំកៃលាស់ ខេត្តហេមពាន្ត ដែលប្រតិស្ថានទុកព្រះសិរសាកបិលមហាព្រហ្ម តម្កល់លើពានមាស នាំចេញមកដង្ហែប្រទក្សិណភ្នំព្រះសុមេរុរាជ ជុំចក្រវាឡ តាមផ្លូវព្រះអាទិត្យចរជាគម្រប់ ៦០នាទី ហើយដង្ហែចូលទៅតម្កល់ទុកដូចដើមវិញទើបប្រជុំទេវបុត្រ ទេពធីតាទាំងមួយសែនកោដិ ចូលទៅស្រង់ទឹកអន្តោតត្តមហាស្រះ ដែលមានទឹកហូរចេញពីបំពង់ថ្មកែវ ជាមាត់គោឧសភរាជទាំង៧ ត្រជាក់ត្រជុំក្សេមក្សាន្តព្រះរាជហឫទ័យ ទើបនាំគ្នាចូលទៅសមាទានសីលដោយព្រះទ័យសោមនស្សរីករាយគ្រប់ៗអង្គ ក្នុងភគវតីសភាដែលវិស្សកម្មទេវបុត្រនិមិត្តថ្វាយ ហើយបន្ទោបង់នូវអពមង្គលឱ្យជ្រះស្រឡះ ចម្រើននូវសុភមង្គលសិរីសួស្តី ជន្មាយុយឺនយូរតរៀងទៅ។
* ថ្ងៃសុក្រ ៩រោច រនោចខែចេត្រត្រូវនឹងថ្ងៃទី ១៤ខែមេសាឆ្នាំ ២០២៣ ពីវេលាម៉ោង ១៦:០០នាទីរសៀល ជាថ្ងៃចូលឆ្នាំ
* ថ្ងៃសៅរ៍ ១០ រោច រនោចខែចេត្រត្រូវនឹងថ្ងៃទី ១៥ ខែមេសាឆ្នាំ ២០២៣ជាថ្ងៃវ័នបត
*ថ្ងៃអាទិត្យ ១១រោច រនោចខែចេត្រត្រូវនឹងថ្ងៃទី ១៦ ខែមេសាឆ្នាំ ២០២៣ ជាថ្ងៃឡើងស័ក
គម្រប់ជាសង្ក្រាន្ត ៣ថ្ងៃ ស្រេចបរិបូណ៌ ចូលជាសកល ឆ្នាំ ថោះ បញ្ចស័ក តរៀងទៅ ៕