គ្រូជោគជ័យ ម្នាក់ទៀត ហើយ ចេញមុខ សុំទោសមហាជនជាសាធារណៈ ដែលនិយាយប៉ះពាល់ដល់គ្រូបង្រៀន និង ពាក់ព័ន្ធ ប្រជាពលរដ្ឋ អ្នកមាន អ្នកក្រ

លោក ឌិន សុមេធារិទ្ធ ជាគ្រូជោគជ័យ នៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៣ បានចេញលិខិតសូមការអភ័យទោសចំពោះសម្តីជ្រុលហួស ដែលធ្វើឲ្យប៉ះពាល់ដល់កិត្តិយសរបស់គ្រូបង្រៀន និងប្រជាពលរដ្ឋកម្ពុជាពាក់ព័ន្ធអ្នកមាន អ្នកក្រ ដែលបានរៀបរាប់ថា៖ សូមលំឱនកាយលើកដៃប្រណម សូមខមាទោស ចំពោះរាល់ពាក្យពេចន៍ដែលខ្ញុំព្រះករុណា ខ្ញុំបាទបានថ្លែងលើសលស់កន្លងមក ដែលនាំឱ្យប៉ះពាល់អារម្មណ៍ដល់គ្រូបង្រៀន និងបងប្អូនជនរួមជាតិ។ នោះពិតជាកំហុសរបស់ព្រះករុណាខ្ញុំ ខ្ញុំបាទដែលមិនត្រូវលើកឡើងបែបនេះឡើយ។ ក្នុងនាមខ្ញុំព្រះករុណា ខ្ញុំបាទ ដែលមានដើមកំណើតពីត្រកូលកសិករ ហើយបានរៀនសូត្រចេះដឹង ពីអ្នកគ្រូ លោកគ្រូ ខ្ញុំព្រះករុណា ខ្ញុំបាទ ពិតជាអភ័យទោស ដោយសុចចិត្តចំពោះសម្ដីមិនទំនងកន្លងមក។
ខ្ញុំព្រះករុណាខ្ញុំបាទសង្ឃឹមថា សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា ឧកញ៉ា លោកជំទាវ លោក លោកស្រី នាងកញ្ញា ពុកម៉ែ បងប្អូនជនរួមជាតិ ជាពិសេសអ្នកគ្រូ លោកគ្រូ ពិតជាអភ័យទោសដល់ខ្ញុំព្រះករុណា ខ្ញុំបាទ ចំពោះកំហុសឆ្គងនេះ ហើយខ្ញុំព្រះករុណា ខ្ញុំបាទនឹងព្យាយាមមិនឱ្យមានកំហុសបែបនេះ កើតឡើងជាថ្មីឡើយ។
ខ្ញុំព្រះករុណា ខ្ញុំបាទ សូមគោរពតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន នាយក រដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែល សម្តេចពុក មានគតិដ៏មានតម្លៃក្នុងការប្រើប្រាស់ពាក្យពេចន៍ទៅកាន់មហាជន។ សម្តេចពុក ពិតជាមានគតិបណ្ឌិតដែលត្រូវតែគោរពប្រតិបត្តិ។
ឆ្លៀតឱកាសនេះដែរ ខ្ញុំព្រះករុណា ខ្ញុំបាទ សូមបួងសួងដល់ទេវតា តាមជួយថែរក្សា សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា ឧកញ៉ា លោកជំទាវ លោក លោកស្រី នាងកញ្ញា ពុកម៉ែ បងប្អូនជនរួមជាតិ ជា ពិសេសអ្នកគ្រូ លោកគ្រូ សូមប្រកបដោយពុទ្ធពរគ្រប់ប្រការ និងមានសិរីសួស្ដីក្នុងឆ្នាំថ្មីប្រពៃណីខ្មែរ ក្នុង គ្រាប្រទេសមានសុខសន្តិភាព៕