សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់បើកកិច្ចប្រជុំគណៈរដ្ឋមន្ត្រី ដើម្បីពិភាក្សាលើរបៀបវារៈចំនួន៦ នៅវិមានសន្តិភាព

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់បើកកិច្ចប្រជុំគណៈរដ្ឋមន្ត្រី ដើម្បីពិភាក្សាលើរបៀបវារៈចំនួន៦ នៅវិមានសន្តិភាព នៅព្រឹកថ្ងៃទី៣១ ខែ មីនា ឆ្នាំ ២០២៣ នេះ។

របៀបវារៈចំនួន៦នោះ រួមមាន ៖

១-សេចក្តីព្រាងផែនការជាតិទសវត្សរ៍សកម្មភាពសុវត្ថិភាពចរាចរណ៍ផ្លូវគោក ឆ្នាំ២០២១-២០៣០។

២-សេចក្តីព្រាងច្បាប់ស្តីពីសារពើពន្ធ។

៣-សេចក្តីព្រាងច្បាប់ស្តីពីលទ្ធកម្មសាធារណៈ។

៤-ការអភិវឌ្ឍគម្រោងវារីអគ្គិសនីស្ទឹងឫស្សីជ្រុំកណ្ដាលអានុភាព ៧០មេហ្គាវ៉ាត់ នៅស្រុកមណ្ឌលសីមា និងគម្រោងវារីអគ្គិសនីស្ទឹងវាលថ្មកំបុតអានុភាព ១០០មេហ្គាវ៉ាត់ នៅស្រុកថ្មបាំង ខេត្តកោះកុង ផ្គួបគ្នា។

៥-គម្រោងវិនិយោគស្ថានីយផលិតអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យអានុភាព១៥០មេហ្គាវ៉ាត់ ខេត្តពោធិ៍សាត់, អានុភាព៦០មេហ្គាវ៉ាត់ ខេត្តកំពង់ឆ្នាំង, អានុភាព ៦០មេហ្គាវ៉ាត់ ខេត្តស្វាយរៀង និងអានុភាព ៨០មេហ្គាវ៉ាត់ ខេត្តព្រៃវែង។

៦-បញ្ហាផ្សេងៗ សំណើសុំការយល់ព្រមពីគណៈរដ្ឋមន្រ្តី ដើម្បីសុំការអនុម័តពីស្ថាប័ននីតិប្បញ្ញត្តិលើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងស្តីពីពាណិជ្ជកម្មតាមព្រំដែន រវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ៕