សម្តេច ហ៊ុន សែន​ អំពាវនា​វឲ្យសមត្ថកិច្ចយ​​​កចិត្ត​ទុកដា​ក់​លើព្រឹត្តិការណ៍​ធំៗចំនួន​២

សម្តេចនាយករដ្ឋមន្ត្រីហ៊ុនសែនបានអំពាវនាវដល់អាជ្ញាធរមានសមត្ថកិច្ចទាំងអស់ យកចិត្តទុកដាក់ខ្ពស់ចំពោះការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម និងការបោះឆ្នោតជាតិលើកទី៧។ថ្លែងក្នុងពិធីបិទសន្និបាតប្រចាំឆ្នាំរបស់ក្រសួងមហាផ្ទៃសម្តេចហ៊ុនសែនមានប្រសាសន៍ថាទាំងនេះគឺជាព្រឹត្តិការណ៍ធំៗក្នុងឆ្នាំនេះ ដែលអាជ្ញាធរមានសមត្ថកិច្ចទាំងអស់ត្រូវដាក់អាទិភាពខ្ពស់ជាងគេ។ នាយករដ្ឋមន្ត្រីបានលើកទឹកចិត្តឱ្យពួកគេគាំទ្រយ៉ាងពេញទំហឹង និងធានាឱ្យដំណើរការនៃព្រឹត្តិការណ៍ធំៗទាំង២ប្រព្រឹត្តទៅដោយរលូន ។ជាពិសេសធានាឱ្យមានការបោះឆ្នោតជាតិដោយសេរីនិងយុត្តិធម៌នៅខែកក្កដាខាងមុខនេះ។សម្តេចមានប្រសាសន៍ថាសម្រាប់ការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ដែលនឹងត្រូវធ្វើឡើងក្នុងខែឧសភា និងមិថុនា ជាបន្តបន្ទាប់ យើងត្រូវត្រៀមលក្ខណៈសម្រាប់ស្ថិរភាព សណ្តាប់ធ្នាប់ និងសន្តិសុខ ក៏ដូចជាសុវត្ថិភាពរបស់កីឡាករ កីឡាការិនី និងភ្ញៀវជាតិ និងអន្តរជាតិទាំងអស់ខណៈអាជ្ញាធរមូលដ្ឋានក៏ត្រូវយកចិត្តទុកដាក់លើសោភ័ណភាពនិងអនាម័យនៃទីតាំងរៀងៗខ្លួនផងដែរ៕