ដីកា២របស់តុលាការចេញក្នុងថ្ងៃតែមួយ សម្រេចឃាត់ខ្លួន និងឃុំខ្លួន លោក ថាច់​ សេដ្ឋា អនុប្រធានគណបក្សភ្លើងទៀន ពាក់ព័ន្ធបទល្មើសចេញសែកអត់លុយ (សែកស្អុយ)

កម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ទទួលផែនសន្តិសុខ នៅល្ងាចថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣នេះ បានឃាត់ខ្លួនលោក ថាច់​ សេដ្ឋា អនុប្រធានគណបក្សភ្លើងទៀន នៅចំណុចវត្តសំរោងអណ្តែត ខណ្ឌសែនសុខ ដោយអនុវត្តតាមដីការបស់ លោក ទិត ដាលីន ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ក្រោមបទចោទប្រកាន់ «មិនបំពេញកាតព្វកិច្ចចំពោះ ឧបករណ៍អាចជួញដូរបាន» ពាក់ព័ន្ធបទល្មើសចេញសែកអត់លុយ (សែកស្អុយ)។

តាមដីការបស់ លោក ទិត ដាលីន ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានបង្គាប់ឲ្យសមត្ថកិច្ចនាំខ្លួនលោក ថាច់ សេដ្ឋា មកកាន់សាលាដំបូងរាធានីភ្នំពេញ ឲ្យបានមុនថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៣ និងបញ្ជូន លោក ថាច់ សេដ្ឋា ភ្លាមៗទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តទៀត។

នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ នេះ ដដែល លោក ទិត ដាលីន ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាផ្សេងមួយទៀត គឺបង្គាប់ឲ្យភ្នាក់ងារមានសមត្ថកិច្ចនៃកម្លាំងសាធារណៈ ឃុំខ្លួនលោក ថាច់ សេដ្ឋា ទៅមណ្ឌលអប់រំកែប្រែទី១(ម១) ដោយអនុវត្តឲ្យបានត្រឹមត្រូវតាមនិតិវិធីច្បាប់៕