រាជរដ្ឋាភិបាល សម្រេច ដកតំណែងអភិបាលរងខេត្តកែប លោក ភូ លិ ដែលបានប្រព្រឹត្តអំពើហិង្សា និងបៀតបៀនលើស្រ្តី២រូប ក្នុងពិធីជប់លៀងមួយនៃការឡើងកាន់តំណែងប្រធានមន្ទីរបរិស្ថានខេត្តកែប

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្ក្រកម្ពុជា បានចេញអនុក្រឹត្យនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២នេះ សម្រេច បញ្ចប់មុខតំណែងលោក ភូ លិ ឋានន្តរសក្តិវរមន្ត្រី ថ្នាក់លេខ១ ពីអភិបាលរងខេត្តកែប។

សូមបញ្ជាក់ថា កាលពីយប់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ លោក ភូ លិ និងស្រ្តីរងអំពើហិង្សាឈ្មោះ ខូវ ហ៊ុយឡាំង បានទៅចូលរួមកម្មវិធីពិសារអាហារសាមគ្គី អបអរសាទរការចូលកាន់មុ ខតំណែងប្រធានមន្ទីរបរិស្ថានខេត្ត។ លុះម៉ោងប្រហែល ៧៖៣០នាទីយប់ បន្ទាប់ពីបានក្រេបដឹកប្តូរនិស្ស័យ រហូតស្រវឹងហើយនោះ លោក ភូ លិ បានថើបក្បាលនារីម្នាក់ដែលជាមន្ត្រីពន្ធដា ដែលត្រូវជាសាច់ញាតិរបស់ឈ្មោះលោកស្រី ខូវ ហ៊ុយឡាំង ដែលមើលទៅមិនសាកសមនោះឡើយ។ ក្រោយពេលថើបហើយនោះ ស្ត្រីដែលរងការបៀតបៀននេះ និយាយទៅកាន់ លោក ភូ លិ ថា ធ្វើអ៊ីចឹងមិនសមទេ កុំធ្វើចឹងមិនត្រឹមត្រូវទេ។

អ្នកឃើញហេតុការណ៍ បន្តថា ក្រោយនារីរងការបៀតបៀននិយាយបែបនេះ លោក ភូ លិ ក៏បានដើរចេញទៅតុរបស់លោកវិញ។ មួយសន្ទុះក្រោយមក ស្រាប់តែដើរត្រលប់មក ម្ដងទៀត ទើបជនរងគ្រោះ ឈ្មោះ ខូវ ហ៊ុយឡាំង និងស្ត្រីរងការបៀតបៀន ព្រមទាំងអ្នករួមតុដទៃទៀត ក្រោកដើរចេញពីតុអាហារបម្រុងត្រលប់ទៅផ្ទះ ស្រាប់តែលោក ភូ លិ យកកែវស្រាគប់លើឈ្មោះ ខូវ ហ៊ុយឡាំង បែកក្បាល ឈាមស្រោចខ្លួនដេរប្រមាណ ១៦ថ្នេរ៕