ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ធ្វើការច្រានចោលទាំងស្រុងចំពោះព័ត៌មានមិនពិតដែលម្ចាស់គណនី TikTok មានឈ្មោះថា Leng Barang និងការឡាយរបស់បុគ្គលជាម្ចាស់ផេក វិទ្យុប្រជាជនភ្នំពេញ

 

ភ្នំពេញ៖ យោងតាមផេកផ្លូវការរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការបំភ្លឺនិងបដិសេធចំពោះការចុះផ្សាយខុសពីការពិតចំពោះករណីនេះ ជាក់ស្តែងកាលពីខែកញ្ញា ឆ្នាំ២០២២ មន្ត្រីចរាចរណ៍ និងកម្លាំងអន្តរាគមន៍ នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ បានដាក់គោលដៅរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ត្រង់ចំណុចស្ពានទឹកថ្លា ផ្លូវជាតិលេខ៣ សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ ប្រហែលជាម៉ោង០៩:០០នាទី ក៏មានបុរសម្នាក់បានបើកម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ គ្មានផ្លាកលេខឆ្លងកាត់គោលដៅក៏សមត្ថកិច្ចហៅឲ្យឈប់ដើម្បីធ្វើការត្រួតពិនិត្យរកឯកសារផ្សេងៗ រួចមិនបានធ្វើការផាកពិន័យនោះទេ គ្រាន់តែធ្វើការណែនាំអប់រំហើយឲ្យបន្តដំណើរទៅមុខទៀត ប៉ុន្តែបុរសម្នាក់នោះមិនទាន់បានទៅភ្លាមនោះទេ ហើយក៏មាននារី០៣នាក់ ជិះម៉ូតូម៉ាកហុងដា១២៥ ពណ៌ខ្មៅ ពាក់មួកសុវត្ថិភាពចំនួន០២នាក់ គ្មានពាក់មួកសុវត្ថិភាពម្នាក់ ក៏មន្ត្រីចរាចរណ៍ហៅឲ្យឈប់ដើម្បីធ្វើការផាកពិន័យតាមច្បាប់។

ក្រោយពីសមត្ថកិច្ចសរសេរបណ្ណផាកពិន័យផ្តិតមេដៃរួច នារី០៣នាក់នោះមិនមានលុយបង់ផាកពិន័យទេ ក៏សមត្ថកិច្ចឲ្យបន្តដំណើរទៀតដោយមិនបានធ្វេីការបង់ផាកពន័យឡើយ គឺត្រឹមធ្វេគារណែនាំអប់រំ ពេលនារី០៣នាក់នោះដើរចេញពីគោលដៅស្រាប់តែបុរសខាងលើបានលួចថតវិដេអូពីសកម្មភាពរួចប្រាប់នារីទាំង០៣នាក់ឲ្យទាមទារយកបណ្ណផាកពិន័យពីសមត្ថកិច្ចដដែលៗ ដោយមិនបានដឹងថានារី០៣នាក់នោះ សមត្ថកិច្ចមិនបានធ្វើការផាកពិន័យនោះទេ។

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ធ្វើការច្រានចោលទាំងស្រុងចំពោះគណនី TikTok មួយដែលមានឈ្មោះថា Leng Barang បានសរសេរបង្ហោះក្នុងបណ្តាញសង្គម TikTok កាលពីថ្ងៃទី០១ ខែតុលា ឆ្នាំ២០២២ មានខ្លឹមសារថា “ជឿហើយខ្មែរអាចធ្វើបានមែនវីដេអូនេះផ្ងើជូនអ្នកអត់លុយហើយចង់ជិះម៉ូតូបែទៅបង់រំលស់ម៉ូតូពីក្រុមហ៊ុនអត់ផ្លាកលេខសមត្ថកិច្ចមិនអនុគ្រោះទេ នេះហើយពាក្យស្លោកដែលថា (កាត់បន្ថយភាពក្រីក្រ) គឺកាត់អ្នកក្រឲ្យស្លាប់អស់ទុកតែអ្នកមាន”

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមបញ្ជាក់បន្ថែមដល់ការឡាយរបស់បុគ្គលជាម្ចាស់ផេក វិទ្យុប្រជាជនភ្នំពេញ ឲ្យបានដឹងច្បាស់ថា ការអនុវត្តច្បាប់ចរាចរណ៍ មិនមែនត្រឹមតែមន្ត្រីចរាចរណ៍ទេ គឺមានក្រុមការងារចំរុះរួមមានទាំងមន្ត្រីចរាចរណ៍ និងកម្លាំងអន្តរាគមន៍ ដើម្បីជួយអន្តរាគមន៍នៅពេលប៉ាតុភាពកើតឡើង ឬក្រុមល្មើសជិះរត់គេចគឺកម្លាំងចំរុះនឹងធ្វើការដេញឃាត់ដើម្បីអនុត្តតាមនីតិវិធីច្បាប់។

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមមេីលឲ្យច្បាស់ថា អ្នកដែលអង្គុយសរសេរបណ្ណផាកពិន័យនៅទីតាំងនោះ គឺមន្ត្រីចរាចរណ៍ ដូចឃេីញក្នុងរូបភាពនេះស្រាប់៕