សម្តេចតេជោ ហ៊ុន សែន ស្វាគមន៍ គាំទ្រចំពោះគំនិតផ្ដួចផ្ដើម របស់ ឯកឧត្តម Takahashi Fumaiki ធ្វើសួនអនុស្សាវរីយ៍ កម្ពុជា-ជប៉ុន ហើយនឹងដាក់ឈ្មោះថាសួន PKO

 

ក្នុងជំនួប នៅព្រឹកថ្ងៃអង្គារ ១៥រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹង ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២២នេះ ឯកឧត្តម Takahashi Fumaiki ក៏បានគោរពស្នើសុំសម្ដេចតេជោ ប្រគល់ទីតាំងដីមួយកន្លែងជូនសម្ដេចតេជោដើម្បីរៀបចំធ្វើជាសួនអនុស្សាវរីយ៍ កម្ពុជា-ជប៉ុន ហើយនឹងដាក់ឈ្មោះថាសួន PKO សម្រាប់សាធារណៈជនប្រើប្រាស់ផង និងសម្រាប់ជាតំណាងទំនាក់ទំនង កម្ពុជានិងជប៉ុនផង ។

ការឆ្លើយតប សម្ដេចតេជោ សែនបាន បានថ្លែងអំណរគុណចំពោះ ឯកឧត្តម Takahashi Fumaiki ហើយបានជម្រាបជូនទៅឯកឧត្តម អំពីវិធានការ និងចំណាត់ការរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការទប់ស្កាត់ការរាតត្បាតជំងឺកូវីដ-១៩នៅកម្ពុជា ។ សម្តេចតេជោបានស្វាគមន៍ចំពោះគណៈប្រតិភូ អ្នកវិនិយោគ ធុនកណ្ដាល ដែលឯកឧត្តមមានបំណងនាំមកកម្ពុជា។

សម្ដេចតេជោក៏បានទទួលស្វាគមន៍ និងសម្ដែងនូវការគាំទ្រចំពោះគំនិតផ្ដួចផ្ដើម ក្នុងការរៀបចំឲ្យមានជាសួនសាធារណៈ សម្រាប់អនុស្សាវរីយ៍រវាង កម្ពុជា និងជប៉ុន ដែលបានដាក់ឈ្មោះថាសួន PKO ហើយសម្ដេចតេជោក៏បានណែនាំទៅដល់ឯកឧត្តម សុខ ចិន្តាសោភា ដើម្បីធ្វើការងារនេះបន្ត ជាមួយនឹងសាលារាជធានីភ្នំពេញ ៕