ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញបិទសន្និបាតបូកសរុបវាយតម្លៃការងារអប់រំ យុវជន និងកីឡាខេត្ត ឆ្នាំសិក្សា២០២០-២០២១ និងលើកទិសដៅការងារឆ្នាំសិក្សា២០២១-២០២២

 

ខេត្តបន្ទាយមានជ័យ ៖ ថ្ងៃសុក្រ ១០ រោច ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២២ រដ្ឋបាលខេត្តបន្ទាយមានជ័យ រៀបចំពិធីបិទសន្និបាតបូកសរុបវាយតម្លៃការងារអប់រំ យុវជន និងកីឡាខេត្ត ឆ្នាំសិក្សា២០២០-២០២១ និងលើកទិសដៅការងារឆ្នាំសិក្សា២០២១-២០២២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ។

លោក ឈូ ប៊ុនរឿង ប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា សន្និបាតឆ្នាំនេះ ជាឱកាសដើម្បីបង្កើននូវប្រសិទ្ធភាពនៃការបំពេញការងារនិង គណនេយ្យភាព របស់អ្នកពាក់ព័ន្ធទាំងអស់ តាមរយៈការឆ្លុះបញ្ចាំង និង ភិភាក្សាអំពីវឌ្ឍនភាព បញ្ហាប្រឈម និងដំណោះស្រាយនានា ពាក់ព័ន្ធនឹងការរៀន បង្រៀន ព្រមទាំងការដឹកនាំ គ្រប់គ្រង អប់រំ ទាំងលើទិដ្ឋភាពគោលនយោបាយ និង ទិដ្ឋភាព សម្របសម្រួល និង ការអនុវត្តផ្ទាល់ ជាពិសេសបានធ្វើការពិភាក្សាលើកំណែទម្រង់ គ្រឹះស្ថានបណ្តុះបណ្តាលគ្រូ កំណែទម្រង់ការគ្រប់គ្រងសាលារៀន លើកកម្ពស់វិធីសាស្រ្តបង្រៀន ស្របទៅនឹងបរិបទរៀន និងបង្រៀន ក្នុងសតវត្សរ៍ទី២១និង ការអភិវឌ្ឍធនធានគ្រូបង្រៀន ។

ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបានសំដែងនូវការកោតសរសើរ និង វាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ មន្រ្តីបុគ្គលិកអប់រំគ្រប់លំដាប់ថ្នាក់ដែលបានបំពេញតួនាទីនិងភារកិច្ចយ៉ាងយកចិត្តទុកដាក់ ចំពោះលើកការងាររបស់ខ្លួនប្រកបដោយវិជ្ជាជីវៈ និង គុណធម៌ ។
ឯកឧត្តម បានបញ្ជាក់ថា នៅឆ្នាំសិក្សា២០២១-២០២២នេះ ជាឆ្នាំដែលអនុវត្តនូវផែនការយុទ្ធសាស្រ្តវិស័យអប់រំ២០១៩ -២០២៣ មានគោលនយោបាយអប់រំ២គឺ ធានាការអប់រំប្រកបដោយគុណភាព បរិយាប័ន សមធម៌និង បង្កើតកាលានុវត្តភាព សិក្សាពេញមួយជីវិត សម្រាប់ប្រជាពលរដ្ឋគ្រប់រូប ដោយធានាភាពស័ក្តិសិទ្ធិ នៃភាពជាអ្នកដឹកនាំនិងគ្រប់គ្រងរបស់មន្រ្តីអប់រំគ្រប់លំដាប់ថ្នាក់៕