ក្រសួងយុត្តិធម៌រៀបចំកម្មវិធីបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ក្រោមប្រធានបទ “ឈាមរបស់ខ្ញុំ ដើម្បីសង្គ្រោះជីវិតមនុស្ស” ដើម្បីចូលរួមអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៥ នៃទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍ ៧មករា

បណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា ៖ នាព្រឹកថ្ងៃពុធ ១៤រោច ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ នេះ, ក្រោមគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម កើត រិទ្ធ​ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌, ក្រសួងយុត្តិធម៌បានរៀបចំកម្មវិធីបរិច្ចាគឈាមដោយស្ម័គ្រចិត្តប្រចាំឆ្នាំ២០២៤ ក្រោមប្រធានបទ “ឈាមរបស់ខ្ញុំ ដើម្បីសង្គ្រោះជីវិតមនុស្ស” ដើម្បីចូលរួមអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៥ នៃទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍ ៧ មករា និងដើម្បីចូលរួមចំណែកក្នុងសកម្មភាពសង្គម និងមនុស្សធម៌។ កម្មវិធីបរិច្ចាគឈាមដោយស្ម័គ្រចិត្តនេះ ត្រូវបានរៀបចំឡើងក្រោមកិច្ចសហការរវាងក្រសួងយុត្តិធម៌ ជាមួយនឹង ស.ស.យ.ក. វិស័យយុត្តិធម៌, មជ្ឈមណ្ឌលជាតិផ្តល់ឈាម និងក្រុមកីឡាសេនាយុត្តិធម៌ ព្រមទាំងមានការចូលរួមបរិច្ចាគឈាមដោយស្ម័គ្រចិត្តពីសំណាក់ថ្នាក់ដឹកនាំ ទីប្រឹក្សា ជំនួយការ មន្ត្រីរាជការនៃក្រសួងយុត្តិធម៌ ​និងថ្នាក់ដឹកនាំ ចៅក្រម​ ព្រះរាជអាជ្ញា និងមន្រ្តី នៃសាលាជម្រះក្តី​ និងអង្គការអយ្យការអមសាលាជម្រះក្តី ព្រមទាំងអ្នកវិជ្ជាជីវៈក្នុងវិស័យយុត្តិធម៌ ដែលមានចំនួនចូលរួមសរុបជាង ៤៥០ រូប។

មានប្រសាសន៍ក្នុងពិធីនេះ, ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានបញ្ជាក់ថា ការបរិច្ចាគឈាមដោយស្ម័គ្រចិត្តនាថ្ងៃនេះ គឺដើម្បីរំលឹកដល់ថ្ងៃ ៧មករា ដែលជា «ថ្ងៃប្រកបដោយអត្ថន័យជាប្រវត្តិសាស្រ្តរបស់ប្រជាជនកម្ពុជា និងជាថ្ងៃដែលប្រជាពលរដ្ឋខ្មែរទាំងមូល ចាត់ទុកថាជាថ្ងៃកំណើតទី២ របស់ខ្លួន» ហើយ ការបរិច្ចាគឈាមនេះ ធ្វើឡើងក្នុងគោលបំណងតែមួយគត់ គឺជួយសង្គ្រោះអាយុជីវិតមនុស្ស។ តម្រូវការឈាម គឺជាតម្រូវការចាំបាច់ជាក់ស្តែងនៅចំពោះមុខ ដោយហេតុថា មានអ្នកជំងឺជាច្រើនដែលកំពុងសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យកំពុងត្រូវការឈាមដើម្បីសង្គ្រោះអាយុជីវិតរបស់ពួកគេ។​ បន្ថែមពីនេះ, ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកឡើងបន្តទៀតថា “ការបរិច្ចាគឈាមដោយស្ម័គ្រចិត្តនេះ គឺជាការលះបង់មួយដែលគួរឱ្យគោរព និងប្រកបដោយក្ដីស្រឡាញ់។ប្រភពៈ ក្រសួងយុត្តិធម៌