ទីបំផុត ប្រជាពលរដ្ឋ និងគ្រូបង្រៀនជាង១០០នាក់ បាននាំគ្នាឡើងមកសូមកិច្ចអន្តរាគមន៍ក្រៅប្រព័ន្ធតុលាការនៅមុខសាលាខេត្តតាកែវ ពាក់ព័ន្ធលោក អ៉ី យ៉ុង នាយកសាលាវិទ្យាល័យ ហ៊ុន សែន អង្គរបូរី និងភរិយាឈ្មោះ ប៉ិច ហៀក បោកលុយជិត៤០ម៉ឺនដុល្លារ

ក្រដាសខ្ចប់ភ្លើងមិនជិត តែទីបំផុត ប្រជាពលរដ្ឋ និងគ្រូបង្រៀនជាង១០០នាក់ អស់ការអត់ធ្មត់ រង់ចាំលែងបាន បាននាំគ្នាមកសូមកិច្ចអន្តរាគមន៍ក្រៅប្រព័ន្ធតុលាការនៅមុខសាលាខេត្តតាកែវ ពាក់ព័ន្ធលោក អ៉ី យ៉ុង នាយកសាលាវិទ្យាល័យ ហ៊ុន សែន អង្គរបូរី និងភរិយាឈ្មោះ ប៉ិច ហៀក បានបង្កើតសមាគមន៍តុងទីន និងជាប្រធានសមាគមន៍តុងទីន បានធ្វើឲ្យពួកគាត់ជាង១០០នាក់រងគ្រោះអស់ប្រាក់ជិត៤០ម៉ឺនដុល្លារ។

លោក មាស អ៊ុយ ប្រធានរដ្ឋបាលខេត្ដតាកែវ បានបញ្ជាក់ថា៖ ខ្ញុំបានទទួលពាក្យបណ្ដឹងពួកគាត់ហើយ ហើយអភិបាលខេត្ដក៏បានបញ្ជាឱ្យអភិបាលរងខេត្ដម្នាក់ចុះទៅដោះស្រាយរឿងហ្នឹងដែរ។ខ្ញុំមិនដឹងថាគាត់ពេលណាទេ ព្រោះខ្ញុំមិនទាន់ទទួលរបាយការណ៍ពីគាត់ឡើយ។រដ្ឋបាលខេត្ដនឹងព្យាយាមដោះស្រាយជូនពួកគាត់។

កាលពីថ្ងៃទី២១ខែធ្នូ ឆ្នាំ២០២៣ម្សិលមិញនេះ មានពលរដ្ឋ និងគ្រូបង្រៀន៤២នាក់ បាននាំគ្នាឡើងតវ៉ា និងដាក់ពាក្យទៅលោក អ៊ូច ភា អភិបាលខេត្ដតាកែវដើម្បីឱ្យដោះស្រាយលើករណីរបស់ពួកគាត់ ពាក់ព័ន្ធនឹងការចាញ់បោកមេតុងទីនម្នាក់ មានតួនាទីជានាយកវិទ្យាល័យ ហ៊ុន សែន អង្គរបូរី សរុបទឹកប្រាក់ចំនួន៤២ម៉ឺនដុល្លារ ខណៈមេតុងទីងមិនព្រមសងកូនតុងទីនតាមកិច្ចសន្យា។ ក្នុងលិខិតដែលដាក់ទៅអភិបាលខេត្ដ មានស្នាមមេដៃ និងកិច្ចសន្យាជាមួយមេតុងទីនឈ្មោះ អ៊ី យ៉ុង មានតួនាទីជាប្រធានសមាគមតុងទីន និងជានាយកសាលាវិទ្យាល័យ ហ៊ុន សែន អង្គរបូរីផង។ ក្នុងលិខិតដដែលបន្ដថា មានពលរដ្ឋចំនួន៥ភូមិ ក្នុងចំណោម២ឃុំ រស់នៅស្រុកអង្គរបូរី ខេត្ដតាកែវ។

បើតាមលិខិតកិច្ចសន្យាចុះថ្ងៃទី១៨ខែមិនា ឆ្នាំ២០២៣ លោក អ៊ី យ៉ុង ត្រូវទូទាត់ឱ្យកូនតុងទីនចាប់ពីខែកក្កដា ដល់ខែវិច្ឆិកា ឆ្នាំ២០២៣ឱ្យអស់ ប៉ុន្ដែជាក់ស្ដែងមេតុងទីន មិនបានគោរពតាមកិច្ចសន្យាទើបនាំឱ្យមានការផ្ទុះតវ៉ានៅមុខសាលាខេត្ដដូច្នេះ។