សម្តេចវិបុលសេនាភក្តី  សាយ ឈុំ ប្រធានព្រឹទ្ធសភាអនុញ្ញាតឱ្យប្រធានមូលនិធិចែករំលែកសង្រ្គោះជីវិតសកលនៃសាធារណរដ្ឋកូរ៉េចូលជួបសម្តែងការគួរសម

នាព្រឹកថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៣ នៅវិមានព្រឹទ្ធសភា វេលាម៉ោង០៩:0០នាទី សម្តេចវិបុលសេនាភក្តី  សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោក Kim Jung Nam ប្រធានមូលនិធិចែករំលែកសង្រ្គោះជីវិតសកល (Global Life Sharing) នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្តែងការគួរសម។
សម្តេចប្រធានព្រឹទ្ធសភាបានសម្តែងនូវការស្វាគមន៍ចំពោះលោកប្រធានមូលនិធិ និងគណៈប្រតិភូ ដែល បានអញ្ជើញបំពេញបេសកកម្មមនុស្សធម៌ជាលើកទី២ នៅព្រះរាជាណាចក្រកម្ពុជា។ បេសកកម្មការងារមនុស្សធម៌ នាឱកាសនេះនឹងទទួលបានលទ្ធផលកាន់តែល្អប្រសើរ ព្រមទាំងនាំមកនូវការពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេស និងប្រជាជនយើងទាំងពីរឱ្យកាន់តែល្អជាងមុនទៀត ដើម្បីគុណប្រយោជន៍សម្រាប់ប្រជាជន និងប្រទេសទាំងពីរ ទាំងពេលបច្ចុប្បន្ន និងពេលអនាគត។ សម្តេចប្រធានព្រឹទ្ធសភាបានសម្តែងនូវសេចក្តីពេញចិត្ត និងវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-កូរ៉េ ដែលត្រូវបានពង្រឹងពង្រីកជាប្រចាំ លើវិស័យនយោបាយ ការបរទេស សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិ-យោគ សិល្បៈវប្បធម៌ អប់រំ កីឡា ការផ្លាស់ប្តូរប្រជាជន និងប្រជាជន ព្រមទាំងមានចំណងមេត្រីភាពរវាងខេត្ត-ក្រុងនៃប្រទេសទាំងពីរ។
ក្នុងនាមគណៈប្រតិភូ លោក Kim Jung Nam បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចប្រធានព្រឹទ្ធសភា ដែលបានចំណាយពេលដ៏មានតម្លៃទទួលជួបគណៈប្រតិភូនាពេលនេះ។ មូលនិធិចែករំលែកសង្រ្គោះជីវិតសកល នៃសាធារណរដ្ឋកូរ៉េ នឹងនៅតែបន្តបេសកកម្មមនុស្សធម៌នេះ ដើម្បីជួយដល់ប្រទេសកម្ពុជា និងប្រជាជនកម្ពុជាបន្តទៀត។