ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទ្រង់បានទទួលព្រះរាជគោរមងារកិត្តិយសថ្នាក់ខ្ពស់បំផុតខាងព្រះពុទ្ធសាសនាជា «ព្រះរាជពុទ្ធមាមកាភិបាល នៃអង្គការពុទ្ធសាសនិកពិភពលោក»

នៅវេលាម៉ោង ១០:០០នាទីព្រឹក ថ្ងៃសៅរ៍ ៧កើត ខែបឋមសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៣ ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានសព្វព្រះរាជហឬទ័យប្រោសព្រះរាជានុញ្ញាតដល់គណៈប្រតិភូក្រុមប្រឹក្សាវប្បធម៌អាស៊ី ដឹកនាំដោយ លោកជំទាវ កិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានទី ២ នៃរដ្ឋសភា និងជាប្រធានក្រុមប្រឹក្សាវប្បធម៌អាស៊ី ព្រមទាំងគណៈប្រតិភូអង្គការពុទ្ធសាសនិកពិភពលោក ដឹកនាំដោយ ព្រឹទ្ធបុរស Phallop Thaiarry ប្រធានអង្គការពុទ្ធសាសនិកពិភពលោក(WFB) ចូលក្រាបបង្គំគាល់ និងថ្វាយព្រះរាជគោរមងារ “ព្រះរាជពុទ្ធមាម កាភិបាល នៃអង្គការពុទ្ទសាសនិកពិភពលោក” ជាផ្លូវការ ថ្វាយដល់ ព្រះករុណា ជា ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។

«ពុទ្ធមាមកាភិបាល (Patron of The WFB)»៖ គឺជាគោរមងារដែលផ្តល់ជូនដល់ថ្នាក់ដឹកនាំកំពូលទាំងក្នុងអាណាចក្រ និងពុទ្ធចក្រ ដែលជាអ្នកគ្រប់គ្រង ថែរក្សា គោរពប្រតិបត្តិ ឧបត្ថម្ភទ្រទ្រង់ និងលើកតម្កើងតម្លៃព្រះពុទ្ធសាសនា ប្រកបដោយសទ្ធាជ្រះថ្លា ខ្ពង់ខ្ពស់ និងឧត្តុង្គឧត្តម តាមរយៈសកម្មភាពព្រះពុទ្ធសាសនានានា រួមទាំងសកម្មភាពរបស់ WFB។ «ព្រះរាជពុទ្ធមាមកាភិបាល (Royal Patron of The WFB)» ជាគោរមងារសម្រាប់ផ្តល់ជូនដល់ព្រះមហាក្សត្រ និងព្រះរាជវង្សានុវង្ស ហើយមានអត្ថន័យដូចគ្នាទៅនឹង ពុទ្ធមាមកាភិបាល ដែលប្រើប្រាស់សម្រាប់ថ្នាក់ដឹកនាំក្នុងអាណាចក្រ។

ក្នុងឱកាសចូលក្រាបថ្វាយបង្គំគាល់នៃព្រះរាជពិធីថ្វាយព្រះគោរមងារនេះ លោកជំទាវ កិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានទី ២ នៃរដ្ឋសភា និងជាប្រធានក្រុមប្រឹក្សាវប្បធម៌អាស៊ី បានសំដែងថ្វាយនូវអំណរព្រះរាជគុណដ៏ជ្រាលជ្រៅជាទីបំផុតថ្វាយ ព្រះករុណា ព្រះមហាក្សត្ស ជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គបានប្រោសព្រះរាជទានដល់គណៈប្រតិភូ ចូលក្រាបបង្គំគាល់។

ជាមួយគ្នានេះ លោកជំទាវកិត្តិសង្គហបណ្ឌិត បានសូមព្រះបរមរាជានុញ្ញាតទូលថ្វាយនូវរបាយការណ៍ ដោយបានគូសបញ្ជាក់ថា ឆ្នាំនេះជាខួបលើកទី៣០ នៃការប្រកាសដាក់ឱ្យប្រើប្រាស់រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។ យោងតាមមាត្រា៤៣ នៃរដ្ឋធម្មនុញ្ញបានចែងថា “ប្រជាពលរដ្ឋខ្មែរទាំងពីរភេទ មានសិទ្ធិពេញទីខាងជំនឿ។ សេរីភាព ខាងជំនឿ និងការប្រតិបត្តិខាងផ្លូវសាសនា ត្រូវបានរដ្ឋធានា ក្នុងលក្ខខណ្ឌដែលមិនប៉ះពាល់ដល់ជំនឿ ឬសាសនាដទៃទៀត ដល់សណ្ដាប់ធ្នាប់ និងសន្តិសុខសាធារណៈ ហើយព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ”។ លោកជំទាវ បានមានប្រសាសន៍លើកឡើងបន្តថា ព្រះពុទ្ធសាសនា ជាសាសនានៃសន្តិភាព ជាមាគ៌ានៃជីវិតរស់នៅ ជាធាតុផ្សំដ៏សំខាន់នៃអត្តសញ្ញាណជាតិរបស់កម្ពុជា និងជាគ្រឹះដ៏សំខាន់នៃការកសាងជាតិ រក្សាសន្តិភាព និងការបង្រួបបង្រួមជាតិ ប្រកបដោយសុខដុមរមនាក្នុងសង្គម ការអភិវឌ្ឍប្រទេស និងការកសាងទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ជាមួយបណ្ដាប្រទេសជិតខាង ក្នុងតំបន់ និងពិភពលោកដោយឈរលើទស្សនវិជ្ជាសន្តិភាព ភាពស្មោះត្រង់ គោរពគុណតម្លៃ និងផលប្រយោជន៍គ្នាទៅវិញទៅមក។ ជាងនេះទៅទៀត ព្រះរាជាណាចក្រកម្ពុជាបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់ព្រះពុទ្ធសាសនាទូទាំងពិភពលោក។ ជាក់ស្តែង កម្ពុជា គឺជាប្រទេសស្ថាបនិកមួយ នៃអង្គការពុទ្ធសាសនិកពិភពលោក(WFB) នៅពេលដែលអង្គការមួយនេះត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៥០ នៅប្រទេសស្រីលង្កា។

ពិសេសជាងនេះ នៅខែវិច្ឆិកា ឆ្នាំ១៩៦១ ព្រះរាជាណាចក្រកម្ពុជាបានធ្វើជាម្ចាស់ផ្ទះនៃមហាសន្និបាតលើកទី៦ នៃអង្គការពុទ្ធសាសនិកពិភពលោក (WFB) ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ព្រះមហាក្សត្រីយានី ស៊ីសុវត្ថិ មុនីវង្ស កុសុមៈ នារីរតន៍ សិរីវឌ្ឍនា ព្រះមហាក្សត្រីនៃព្រះរាជាណាចក្រកម្ពុជា និងមានការចូលរួមដឹកនាំផ្ទាល់ពី ព្រះករុណាព្រះបាទ សម្ដេចព្រះ នរោត្តម សីហនុ ដែលព្រះអង្គទ្រង់គង់ប្រថាប់ជាព្រះប្រមុខរដ្ឋនាពេលនោះ។

គួរជម្រាបជូនផងដែរថា អង្គការពុទ្ធសាសនិកពិភពលោក (WFB) បានបង្កើតឡើងនៅក្នុងឆ្នាំ១៩៥០ ដោយប្រទេសចំនួន២៧ ក្រោមគំនិតផ្តួចផ្ដើមរបស់បាលីវិទូជនជាតិស្រីលង្កាដ៏ល្បីឈ្មោះ ព្រះតេជគុណ Gunapala Piyasena Malalasekera នៅទីក្រុងកូឡំបូ ប្រទេសស្រីលង្កា។ ទីស្នាក់ការកណ្ដាល WFB ផ្លាស់ប្តូរទៅតាមប្រទេសជាប្រធាន។ កម្ពុជា គឺជាប្រទេសស្ថាបនិកមួយ ក្នុងចំណោម ២៧ ប្រទេស ដែលបានបង្កើតអង្គការ WFB នៅឆ្នាំ១៩៥០។ កម្ពុជា ធ្លាប់ទទួលធ្វើជាម្ចាស់ផ្ទះនៃសន្និសីទសកលលើកទី៦ យ៉ាងឱឡារិក ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ១៩៦១ផងដែរ។

មកទល់បច្ចុប្បន្ន គោរមងារនេះធ្លាប់បានប្រគល់ជូន សម្ដេចព្រះសង្ឃរាជ ព្រះមហាថេរ ព្រះមហាក្សត្រ និងថ្នាក់ដឹកនាំនៃប្រទេសអ្នកកាន់ព្រះពុទ្ធសាសនា ចំនួន៩រូប រួមមាន៖ ១. សម្ដេចសង្ឃរាជនៃព្រះរាជាណាចក្រថៃ ២. ព្រះមហាថេរ មហានាយកនៃសាធារណរដ្ឋស្រីលង្កា ៣. ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រថៃ ៤. ប្រធានាធិបតី នៃប្រទេសនេប៉ាល់ ៥. ប្រធានាធិបតី នៃសាធារណរដ្ឋឥណ្ឌា ៦. ប្រធានាធិបតី នៃសាធារណរដ្ឋស្រីលង្កា ៧. នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រថៃ ៨. ប្រធានសហព័ន្ធពុទ្ធសាសនិកជប៉ុន និង៩. សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាផងដែរ។

ជាទីបញ្ចប់ សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យគុណកែវទាំងបី វត្ថុស័ក្តិសិទ្ធិលើលោក ឬទ្ធីបារមីទេវតារក្សាព្រះមហាស្វេតច្ឆ័ត្រ និងព្រះវិញ្ញាណក្ខន្ធនៃអតីតព្រះមហាក្សត្រ និងព្រះមហាក្សត្រីយានី ជាពិសេសព្រះបារមីនៃព្រះបរមរតនកោដ្ឋ សូមតាមជួយបីបាច់ប្រោះព្រំប្រទានព្រះពរ ជ័យ សិរីសួស្តី ជ័យមង្គលគ្រប់ប្រការថ្វាយ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង សូមព្រះអង្គទ្រង់បាន ប្រកបដោយព្រះពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ ដើម្បីគង់ប្រថាប់នៅជាម្លប់ដ៏ត្រជាក់ត្រជំសុខដុមរមនាដល់ប្រជារាស្ត្ររបស់ព្រះអង្គជានិច្ចនិរន្តរ៍រៀងទៅ ៕