ឯកឧត្តម សួន សេរីរដ្ឋា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ បានប្រតិកម្ម មកលើ ឯកឧត្តម ខៀវ កញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន ករណី កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌពោធិ៍សែនជ័យ ចុះចាប់អ្នកបម្រើសេវាកំសាន្តឯករាជ្យ ( អ្នកបក់ដៃតាមផ្លូវ ) ហើយហៅកាសែតអត់វិជ្ជាជីវៈមួយចំនួនទៅជួយថតបង្ហោះថែមទៀត

នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣ នេះ ឯកឧត្តម សួន សេរីរដ្ឋា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ បានប្រតិកម្ម មកលើ ឯកឧត្តម ខៀវ កញារីទ្ធ រដ្ឋមន្រ្តី ដោយបានលើកឡើងថា÷ «ក្រសួងព័ត៌មាន តាមរយៈការលើកឡើងរបស់ ឯ.ឧ រដ្ឋមន្ត្រីក្រសួងព័ត៌មានក្នុងសំណេរនេះគឺ ឯ.ឧ រដ្ឋមន្ត្រីទទួលស្គាល់ថា មានកាសែតអត់វិជ្ជាជីវៈ មួយចំនួន… ។

សំណួរសួរថា តើក្រសួងជាអាណាព្យាបាល កាសែត មានវិធានការណ៍ឬចំណាត់ការបែបណាជាមួយ កាសែតអត់វិជ្ជាជីវៈមួយចំនួននេះ ?

ខ្ញុំ រាល់ថ្ងៃឈឺក្បាលនឹងពួកអត់វិជ្ជាជីវៈហ្នឹងខ្លាំងណាស់ ! ពួកអត់វិជ្ជាវៈដែលក្រសួងចេញអាជ្ញាប័ណឲ្យនេះកូរបំពុលសង្គមខ្លាំងណាស់ ហើយអត់ចេះខ្មាស់ថែមទៀតផង ។

វេទិកា ខ្ញុំ ផ្សព្វផ្សាយ សន្តិភាពនៅតាមស្រុក ខេត្ត… រត់មកសុំលុយដល់ទ្វារឡាន… យើងមិនឲ្យនិយាយឲ្យយើងឮខ្លាំងៗថា ៖ អញ្ចឹងលុបចោលឲ្យអស់ មិនផ្សាយទេ !»

សូមបញ្ជាក់ថា នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម ខៀវ កញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានបង្ហោះតាមគណនេយ្យហ្វេសប៊ុកផ្លូវការរបស់ ឯកឧត្តមរដ្ឋមន្រ្តី ដោយមានខ្លឹមសារថា÷ «ឃើញរាជរដ្ឋាភិបាលចេញគោលការណ៍ជួយទ្រទ្រង់អ្នកបម្រើសេវាកំសាន្តនានាក៍មានចិត្តរីករាយព្រោះអ្នកទាំងនោះក៏ជាកោសិកាមួយក្នុងសង្គមកម្ពុជាយើងដែរ ស្រាប់តែឃើញអង្គភាពមួយបញ្ចេញសាច់ដុំចុះចាប់អ្នកបម្រើសេវាកំសាន្តឯករាជ្យ ( អ្នកបក់ដៃតាមផ្លូវ ) ហើយហៅកាសែតអត់វិជ្ជាជីវៈមួយចំនួនទៅជួយថតបង្ហោះថែមទៀត ។ មិនដឹងថាបម្រើសេវាទាល់តែមានការចាត់តាំង ឬ មានមេមានកើយបានរដ្ឋជួយ ហើយអ្នកក្បាលមួយត្រូវមានទោស ឬ មួយគាត់បារម្ភថាខ្លាចគណបក្សប្រជាជនឈ្នះឆ្នោតច្រើនពេក បរទេសគេរិះគន់ ?»

យោងតាមផេកផ្លូវការរបស់ រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ បានបញ្ជាក់ថា÷ «នៅយប់ថ្ងៃព្រហស្បតិ៍ ១២ រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ត្រូវនឹងថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង ២០:០០នាទី​ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដឹកនាំដោយលោក​ អុិត​ ជំនិត​ នឹងលោក​ ផុន​ សុផាន​ អភិបាលរងនៃគណៈអភិបាលខណ្ឌពោធិសែនជ័យ​ តំណាងលោក​ សក់​ ច័ន្ទកញ្ញារិទ្ធ​ អ​ភិបាលនៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យនិងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ បានដឹកនាំកម្លាំងចុះប្រមូលនារីៗ ដែលតែងតែឈរ ហៅភ្ញៀវ នៅតាមបណ្តោយផ្លូវចោមចៅ(ផ្លូវវេងស្រេង)​ ស្ថិត​នៅក្នុងមូលដ្ឋានសង្កាត់ចោមចៅទី១​ ដែលបង្កការបាត់បង់សណ្តាប់ធ្នាប់ តាមដងផ្លូវ យកមកអប់រំ​ ជាលទ្ធផល​ប្រមូល​បាន​សរុប​ចំនួន​ ៣៤នាក់​ ក្នុងនោះមានភេទទី៣​ ចំនួន១១នាក់»