កម្លាំង​សមត្ថកិច្ច​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ​ នាំ​ខ្លួន​បុរស​ម្នាក់​ឈ្មោះ ឡោ សុ​ជាតិ ឡើង​តុលា​ការ ពាក់ព័ន្ធ​ការ​ចោទប្រកាន់​ពី​បទ​.​ចេញ​មូល​ប្បទាន​បត្រ​គ្មាន​សាច់​ប្រាក់«​សែក​ស្អុយ​»

កម្លាំង​សមត្ថកិច្ច​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ​នាំ​ខ្លួន​បុរស​ម្នាក់​ឈ្មោះ ឡោ សុ​ជាតិ ឡើង​តុលា​ការ កាលពី​រសៀល​ថ្ងៃ​ទី​៧ មិថុនា ឆ្នាំ​២០២៣ ពាក់ព័ន្ធ​ការ​ចោទប្រកាន់​ពី​បទ​.​ចេញ​មូល​ប្បទាន​បត្រ​គ្មាន​សាច់​ប្រាក់«​សែក​ស្អុយ​» ចំនួនទឹកប្រាក់ ១​ម៉ឺន​ដុល្លារ។

បុរស់ខាងលើមានឈ្មោះ ឡោ សុ​ជាតិ អាយុ​៤២​ឆ្នាំ មុខរបរ​នៅផ្ទះ មាន​លំនៅ​ផ្ទះ​លេខ​២២២ ផ្លូវ​៥៨ សង្កាត់​​ទួល​សង្កែ​ទី​១ ខណ្ឌ​ប្ញ​ស្សី​កែវ រាជធានី​ភ្នំពេញ អតីត​ធ្លាប់​ជា​ចៅ​កែ​នាំ​ស្រា​បៀរ​ពី​ក្រៅប្រទេស​មក​លក់ និង​ចែកចាយ​លើ​ទីផ្សារ​ក្នុងស្រុក។

យោងតាម​ពាក្យបណ្តឹង​កាលពី​ថ្ងៃ​ទី​៣ ឧសភា ឆ្នាំ​២០២២ ឈ្មោះ ឡោ សុ​ជាតិ បាន​ទំនាក់ទំនង​ទៅ​ជន​រង​គ្រោះជា​ជនជាតិ​ម៉ា​ឡេ​ស៊ី និង​ជា​ថៅកែ​របស់​ឈ្មោះ មាស វិវឌ្ឍន៍ ដើម្បី​ដាក់​ទុន​រកស៊ី​ជាមួយ​គ្នា​នូវ​ទំហំ​ទឹកប្រាក់​១​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក ។ ដោយ​មានការ​ជឿ​ទុកចិត្ដ​ថៅកែ​របស់​ឈ្មោះ មាស វិវឌ្ឍន៍ បាន​ប្រគល់​ប្រាក់​តាម​ការ​ព្រមព្រៀង​ឲ្យ​ទៅ​ឈ្មោះ ឡោ សុ​ជាតិ គ្រប់​ចំនួន ខណៈ​ពេល​នោះ​ឈ្មោះ ឡោ សុ​ជាតិ ក៏​បាន​ធ្វើ​កិច្ចសន្យាធានា​អះអាង​ថា នឹង​សង​ទៅ​ដើមបណ្តឹង​គ្រប់​ចំនួន​វិញ​ ក្នុង​រយៈពេល​ខ្លី​បំផុត។បន្ទាប់​ពី​ព្រម​ព្រៀម​គ្នា​ហើយ​ឈ្មោះ ឡោ សុ​ជាតិ បាន​ចេញ​មូល​ទា​នប​ត្រ​មួយ​សន្លឹក​រួចធានា​ឲ្យ​ទៅ​ថៅកែ​របស់​ឈ្មោះ មាស វិវឌ្ឍន៍ សម្រាប់​ទៅ​ដក​យក​ប្រាក់​នោះ ។ រហូតដល់​ថ្ងៃ​កំណត់​ថៅកែ​របស់​ឈ្មោះ មាស វិវឌ្ឍន៍ បាន​យក​មូល​ប្ប​ទា​នប​ត្រ​ខាងលើ​នេះ​ទៅ​បើកប្រាក់​នៅ​ធនាគារ ស្រាប់តែ​ខាង​ធានា​គារ​ឆ្លើយ​តប​ថា គណនី​នេះ​គ្មាន​សាច់ប្រាក់​ទេ។នៅពេល​ដឹង​ថា មូល​ប្ប​ទា​នប​ត្រ​គ្មាន​សាច់ប្រាក់ ឈ្មោះ មាស វិវឌ្ឍន៍ បាន​ទំនាក់ទំនង​ទៅ​ឈ្មោះ ឡោ សុ​ជាតិ តាម​គ្រប់​មធ្យោបាយ តែ​ជនសង្ស័យ​បាន​គេច​វែ​ស និង​បិទ​ទូរស័ព្ទ​មិន​អាច​ទាក់ទង​បាន ។ ដោយ​អស់ជំនឿ​ទុកចិត្ត​ក្នុង​ការ​ស្វែងរក​ជនសង្ស័យ ដើម្បី​ដោះស្រាយ​បំណុល ទើប​ជន​រង​គ្រោះ​សម្រេចចិត្ត​ដាក់​ពាក្យបណ្តឹង​ទៅ​សមត្ត​កិច្ច​ឲ្យ​ជួយ​ចាត់ការ​តាម​ផ្លូវច្បាប់៕