ឯកឧត្ដមបណ្ឌិត អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អញ្ជើញចូលរួមក្នុងពិធីសំណេះសំណាលជាមួយប្រធានរដ្ឋបាល ប្រធានផ្នែកនៅតាមរោងចក្រ សហគ្រាស ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់សមេ្ដចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា នៅសាលមហោស្រពកោះពេជ្រ នាថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣

ឯកឧត្ដមបណ្ឌិត អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អញ្ជើញចូលរួមក្នុងពិធីសំណេះសំណាលជាមួយប្រធានរដ្ឋបាល ប្រធានផ្នែកនៅតាមរោងចក្រ សហគ្រាស ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់សមេ្ដចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា នៅសាលមហោស្រពកោះពេជ្រ នាថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣។

ប្រធានរដ្ឋបាល និងប្រធានផ្នែកដែលបានចូលរួមក្នុងកម្មវិធីសំណេះសំណាលនេះមានចំនួនសរុប៣,៧១៣នាក់ មកពីរោងចក្រ-សហគ្រាសចំនួន៣៨៤ ក្នុងបណ្តាខណ្ឌមួយចំនួននៅរាជធានីភ្នំពេញ។

នាឱកាសនោះ ឯកឧត្ដមបណ្ឌិត អ៉ិត សំហេង បានឡើងថ្លែងនូវសុន្ទរកថាស្វាគមន៍ជូនឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងអង្គពិធី អំពីស្ថានភាពវិស័យការងារ វាយនភណ្ឌ ការគាំទ្រកម្មករនិយោជិតជាដើម។

ឯកឧត្ដមរដ្ឋមន្ត្រីបានលើកឡើងថា បច្ចុប្បន្ន សហគ្រាស-គ្រឹះស្ថានសេដ្ឋកិច្ចក្នុងប្រព័ន្ធដែលបានចុះបញ្ជីនៅក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈមានចំនួន១៧,១០២សហគ្រាស ដែលមានកម្មករនិយោជិតចំនួន១.៥លាននាក់ ដោយបានទទួលប្រាក់ឈ្នួលជាមធ្យមសរុបជាង៤.៥៥ពាន់លានដុល្លារអាម៉េរិកក្នុងមួយឆ្នាំៗ មានប្រជាពលរដ្ឋប្រមាណជាង២លាននាក់ ដែលទទួលផលដោយប្រយោលពីវិស័យនេះ។ ដោយឡែក វិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរនិងកាបូបមានរោងចក្រចំនួន១,៣២៥ តម្លៃសរុបនៃការនាំចេញមានចំនួនប្រមាណជាង១២,៨ពាន់លានដុល្លារអាម៉េរិក (ឆ្នាំ២០២២) មានកម្មករនិយោជិតចំនួនជាង៨៥ម៉ឺននាក់ ហើយកម្ពុជាបានក្លាយជាប្រទេសនាំមុខមួយក្នុងការនាំចេញផលិតផលកាត់ដេរនៅលើទីផ្សារអន្តរជាតិ។

ឯកឧត្ដមរដ្ឋមន្ត្រីបានបន្តថា ការអនុវត្តច្បាប់ស្តីពីសហជីពបានបន្តលើកកម្ពស់សេរីភាពអង្គការវិជ្ជាជីវៈ ដោយគិតត្រឹមត្រីមាសទី១ ឆ្នាំ២០២៣ ការចុះបញ្ជីអង្គការវិជ្ជាជីវៈបានកើនឡើងគួរឱ្យកត់សម្គាល់មានចំនួនសរុប៦,០៦៤ ដោយក្នុងនោះសហជីពមូលដ្ឋានចំនួន៥,៧៤១ សហព័ន្ធសហជីពចំនួន២៦៨ សហភាពសហជីពចំនួន៤២ និងសមាគមនិយោជកចំនួន១៣។

ឯកឧត្ដមបណ្ឌិត អ៉ិត សំហេង បានបន្តទៀតថា រាជរដ្ឋាភិបាលបានត្រៀមរៀបចំផែនការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដល់យុវជននៃគ្រួសារក្រីក្រ និងងាយរងគ្រោះទូទាំងប្រទេសចំនួន១លាន៥សែននាក់ ដោយរដ្ឋធានាផ្តល់ប្រាក់ឧបត្ថម្ភចាប់ពីឆ្នាំ២០២៣នេះតទៅ ដើម្បីផ្តល់ឱកាសឱ្យពួកគេទទួលបានជំនាញសម្រាប់យកទៅធ្វើការងារ ឬបង្កើតមុខរបរដោយខ្លួនឯង និងបំពេញតម្រូវការនៃកម្លាំងពលកម្មជំនាញសម្រាប់ការវិនិយោគថ្មីៗនៅកម្ពុជា។

ទន្ទឹមនឹងឱកាសការងារក្នុងស្រុក រាជរដ្ឋាភិបាលខិតខំផ្តល់ជម្រើសជូនប្រជាពលរដ្ឋដែលមានបំណងចង់ធ្វើការងារនៅក្រៅប្រទេស ដោយបានខិតខំពង្រឹងកិច្ចសហការជាមួយបណ្តាប្រទេសដៃគូ ដើម្បីទទួលបានឱកាសការងារនៅក្រៅប្រទេសជូនពលករសរុបចំនួនប្រមាណ១.៣លាននាក់ ដែលមិនត្រឹមតែអាចទទួលបានប្រាក់ចំណូល បានចំណេះជំនាញប៉ុណ្ណោះទេ ថែមទាំងអាចផ្ញើប្រាក់បញ្ញើមកក្នុងប្រទេសជូនគ្រួសារប្រមាណ២.៧ពាន់លានដុល្លារអាមេរិកក្នុងមួយឆ្នាំៗ និងចូលរួមការអភិវឌ្ឍប្រទេសជាតិ។

ឯកឧត្ដមបណ្ឌិត អ៉ិត សំហេង បានសម្តែងនូវកត្តញ្ញូតាធម៌ដ៏ជ្រាលជ្រៅជូនចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ដែលបានធ្វើពលិកម្មគ្រប់បែបយ៉ាងដើម្បីបុព្វហេតុជាតិ និងប្រជាជន ជារដ្ឋបុរសដែលបានសង្រ្គោះជាតិពីរបបប្រល័យពូជសាសន៍ បង្រួបបង្រួមផ្សះផ្សាជាតិ ជាស្ថាបនិកនៃនយោបាយឈ្នះ-ឈ្នះ ធ្វើឱ្យទឹកដីទាំងមូលមានសន្ដិភាព ស្ថិរភាពដែលជាមូលដ្ឋានគ្រឹះនៃការស្តារ និងកសាងអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យឱ្យមានការរីកចម្រើនជឿនលឿនដូចសព្វថ្ងៃ។ ក្នុងពេលដែលវិបត្តិជំងឺកូវីដ-១៩ សម្តេចតេជោបានដាក់ចេញនូវវិធានការដ៏មានប្រសិទ្ធភាពដែលអាចជួយសង្គ្រោះអាយុជីវិតប្រជាពលរដ្ឋ រក្សាបាននូវជីវភាពរស់នៅ លំនឹងផលិតកម្ម អាជីវកម្មរបស់រោងចក្រ សហគ្រាស រក្សាបាននូវការងារ ប្រាក់ចំណូលបងប្អូនកម្មករនិយោជិត រហូតដល់ទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ក្នុងការគ្រប់គ្រងជំងឺកូវីដ១៩ អាចឱ្យប្រទេសជាតិបើកដំណើរការសេដ្ឋកិច្ច-សង្គមឡើងវិញពេញលេញលើគ្រប់វិស័យ។

ក្នុងនោះដែរក៏មានការចូលរួមចំណែកដ៏ធំធេងរបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ដែលបានលះបង់ទាំងកម្លាំងកាយកម្លាំងចិត្ត ជាពិសេសនូវវីរភាពអង់អាចក្លាហានក្នុងការដាក់សុខភាព និងសេចក្តីសុខផ្ទាល់ខ្លួនជាដើមទុន ដើម្បីដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) និងប្រមូលផ្តុំកម្លាំងស្ម័គ្រចិត្តពីគ្រប់ទិសទីមកប្រយុទ្ធប្រឆាំងទប់ស្កាត់ ការរៀបចំមន្ទីរពេទ្យនិងមណ្ឌលចត្តាឡីស័កជាច្រើនកន្លែង និងការចូលរួមយ៉ាងសកម្មក្នុងយុទ្ធនាការចាក់វ៉ាក់សាំង ដែលបានជួយសង្រ្គោះអាយុជីវិតប្រជាជនខ្មែររាប់លាននាក់ មន្ត្រីរាជការ កម្មករនិយោជិតនៅតាមរោងចក្រ សហគ្រាស និងក្រុមហ៊ុនឯកជននាពេលកន្លងមក៕