កិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍សង្គម-វប្បធម៌អាស៊ានលើកទី២៩ (29th ASCC Council Meeting)

កោះបាលី៖ នាថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិតសភាចារ្យ ណាត ប៊ុនរឿន រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា ជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិតសភាចារ្យ​ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងជាតំណាងជាតិសម្រាប់ក្រុមប្រឹក្សាសហគមន៍សង្គម-វប្បធម៌អាស៊ានកម្ពុជា បានដឹកនាំគណៈប្រតិភូកម្ពុជាអញ្ជើញចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍សង្គម-វប្បធម៌អាស៊ានលើកទី២៩ (29th ASCC Council Meeting) ដែលប្រព្រឹត្តទៅនៅកោះបាលី សាធារណរដ្ឋឥណ្ឌូណេស៊ី។

កិច្ចប្រជុំនេះ មានការចូលរួមពីសំណាក់អគ្គលេខាធិការអាស៊ាន (Secretary-General of ASEAN) រដ្ឋមន្ត្រីសហគមន៍សង្គម-វប្បធម៌អាស៊ាន (ASCC Ministers) ឧត្តមមន្ត្រីសហគមន៍សង្គមវប្បធម៌អាស៊ាន (SOCA Leaders) និងគណៈប្រតិភូអមផងដែរ។

នៅក្នុងកិច្ចប្រជុំនាឱកាសនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ រដ្ឋលេខាធិការ បានពាំនាំនូវអនុសាសន៍សំខាន់ៗ របស់ ឯកឧត្តមបណ្ឌិតសភាចារ្យ រដ្ឋមន្ត្រី ជូនអង្គប្រជុំទាក់ទងនឹង “ទិសដៅយុទ្ធសាស្ត្រសម្រាប់ទស្សនៈវិស័យរបស់សសរស្ដម្ភសហគមន៍សង្គម-វប្បធម៌អាស៊ាន ក្រោយឆ្នាំ២០២៥ (Strategic Direction for ASCC Post-2025 Vision)” រួមមាន៖

១. ការធ្វើកំណែទម្រង់វិស័យអប់រំរបស់កម្ពុជា
២. ការអភិវឌ្ឍសុខុមាលភាពសង្គមសម្រាប់ប្រជាជនកម្ពុជា
៣. ការលើកកម្ពស់ការអប់រំអ្នកជំនាន់ក្រោយមកពីគ្រប់មជ្ឈដ្ឋាន ដើម្បីទទួលបានសមត្ថភាពខ្ពស់ និងការលើកកម្ពស់ភាពជាដៃគូនៃវិស័យសាធារណៈ​ និងឯកជនក្នុងវិស័យអប់រំ
៤. ការអប់រំរួមជាមួយសហគ្រិនភាព និងបច្ចេកវិទ្យាឌីជីថល
៥. ការបណ្ដុះបណ្ដាល​ និងការអប់រំបច្ចេកទេស និងវិជ្ជាជីវៈនៅកម្រិតមធ្យមសិក្សា។

ទន្ទឹមនឹងនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ រដ្ឋលេខាធិការ បានបញ្ជាក់ពីការជួយគ្នាទៅវិញទៅមកនៅកម្រិតតំបន់ក្នុងការអភិវឌ្ឍសមត្ថភាពសិស្សក្នុងផ្នែក STEM និងបច្ចេកវិទ្យាព័ត៌មាន និងការស្រាវជ្រាវ និងការអភិវឌ្ឍនៅគ្រប់កម្រិតរវាងប្រទេសជាសមាជិកអាស៊ាន ដែលមានសារៈសំខាន់យ៉ាងខ្លាំង ដើម្បីជំរុញដល់ការប្រកួតប្រជែងរបស់អាស៊ានក្នុងទីផ្សារការងារសកល ការកសាងមជ្ឈមណ្ឌលស្រាវជ្រាវ និងភាពរឹងមាំក្នុងតំបន់អាស៊ាន នៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៣ កោះបាលី សាធារណរដ្ឋឥណ្ឌូណេស៊ី៕