ឯកឧត្តម អ៊ុំ រាត្រី÷ សូមអរគុណ ដល់ស្នាមញញឹមរបស់បងប្អូនប្រជាពលរដ្ឋមកពីគ្រប់ទិសទីក្នុងខេត្តបន្ទាយមានជ័យ មកអបអរសាទរ ព្រះអគ្គិជ័យកីឡា និងភ្លើងគប់កីឡា ដែលបានដង្ហែឆ្លងកាត់ខេត្តបន្ទាយមានជ័យ

ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណអភិបាលខេត្តបន្ទាយមានជ័យ សូមថ្លែងអំណរព្រះគុណ អរគុណដល់ព្រះតេជគណព្រះសង្ឃគ្រប់ព្រះអង្គ ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ សិស្ស និស្សិត យុវជន កុមារ និងពុក ម៉ែ បងប្អូន ប្រជាពលរដ្ឋទាំងអស់ក្នុងខេត្ត ដែលបានចូលរួមយ៉ាងក្លៀវក្លាដោយស្នាមញញឹម អបអរសាទរ ការទទួលការដង្ហែព្រះអគ្គីកីឡាឆ្លងកាត់ដង្ហែក្នុងទីរួមខេត្តនិងរក្សាទុក១យប់ មុននឹងបន្តដំណើរទៅខេត្តសៀមរាប។

ឯកឧត្តម អ៊ុំ រាត្រី នឹកស្មានមិនដល់ដែលមានមហាជនមកពីគ្រប់ទិសទីក្នុងខេត្តបន្ទាយមានជ័យឈរទទួលស្វាគមន៍ក្បួនដង្ហែព្រះអគ្គិជ័យកីឡា និងភ្លើងគប់កីឡាប្រកបបង្កប់ដោយស្នាមញញឹម ដែលជាការបង្ហាញ និងចែករំលែកប្រកបដោយមោទកភាព ភាពរីករាយ ដល់ប្រជាជនកម្ពុជា ក្នុងនាមកម្ពុជាធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២។

ឯកឧត្តម អ៊ុំ រាត្រី ចាំមិនភ្លេច និងដឹងគុណជានិច្ច ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី ក្នុងការធ្វើម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ជាប្រវត្តិសាស្ត្រ៧០ឆ្នាំហើយដែលប្រទេសយើងមិនបានធ្វើ ។

ឯកឧត្តម អ៊ុំ រាត្រី សូមប្រគេនពរ និងជូនពរជ័យដល់ព្រះតេជគណ ថ្នាក់ដឹកនាំ មន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ សិស្សនិស្សិត និងពុកម៉ែបងប្អូនប្រជាពលរដ្ឋទាំងអស់ប្រកបដោយពុទ្ធពរទាំង ៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

default