ផ្ទះថ្មប្រមាណជិត៤០ខ្នង និងផ្ទះអាជីវករមួយចំនួនទៀត បានរងការខូចខាត ដោយសារ បាក់ ស្រុត ច្រាំង ទន្លេបាសាក់ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ២១អា ទល់មុខផ្សារស្អាងព្រែកតូចខាងជើង

កណ្តាល ៖ ផ្ទះថ្មធំប្រមាណជិត៤០ខ្នង និងផ្ទះអាជីវករជាច្រើនខ្នងទៀត បានរងការខូចខាត ដោយសារ បាក់ ស្រុត ច្រាំង ចូលទន្លេបាសាក់ នៅវេលាម៉ោងប្រមាណជា ១១និង៥០នាទីរសៀល នាថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ២១អា ទល់មុខផ្សារស្អាងព្រែកតូចខាងជើង ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល។

ចំណុច បាក់ ស្រុត ច្រាំង ចូលទន្លេបាសាក់ ចាប់ពីភូមិត្រពាំងឈូក បន្តរហូតដល់ភូមិក្បាលជ្រោយ ឃុំព្រែកគយ ស្រុកស្អាង មានបណ្តោយជាង៥០០ម៉ែត្រ។ ប្រជាពលរដ្ឋមួយចំនួនខ្លះបានមករស់នៅចំណុចបាក់ ស្រុត ច្រាំង ចូលទន្លេបាសាក់ នេះ ៣០-៤០ឆ្នាំមកហើយ តែមិនដែលមានបញ្ហាការ បាក់ ស្រុត ច្រាំង ចូលទន្លេ កើតឡើងនោះទេ។ទើបតែមុនថ្ងៃចូលឆ្នាំ មានក្រុមទូកបូមខ្សាច់ បានមកបូមខ្សាច់នៅខាងក្រោយផ្ទះរបស់ពួកគាត់។

សូមបញ្ជាក់ថា អំឡុងពេលបូមនោះមិនទាន់មានករណី បាក់ ស្រុត ច្រាំង ចូលទន្លេនោះទេ ទើបតែថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣ នេះ មានការភ្នាក់ផ្អើល ផ្ទះថ្មធំប្រមាណជិត៤០ខ្នង និងផ្ទះអាជីវករជាច្រើនខ្នងទៀត បានរងការខូចខាត ដោយសារ បាក់ ស្រុត ច្រាំង ចូលទន្លេបាសាក់៕