ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានអញ្ជើញជូនដំណើរបងប្អូនប្រជាពលរដ្ឋត្រឡប់ទៅស្រុកកំណើត តាមរយៈរថយន្តក្រុងដោយឥតគិតថ្លៃ ចាប់ថ្ងៃទី១៣ នេះ ដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៣

ភ្នំពេញ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ០៨រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៣ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានអញ្ជើញជូនដំណើរបងប្អូនប្រជាពលរដ្ឋត្រឡប់ទៅស្រុកកំណើតជួបជុំបងប្អូនក្រុមគ្រួសារក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ជាមួយនឹងសេវាដឹកជញ្ជូនសាធារណៈរថយន្តក្រុងរបស់រដ្ឋបាលរាជធានីភ្នំពេញដោយឥតគិតថ្លៃ ចាប់ថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៣។

សូមបញ្ជាក់ថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់ឲ្យ រដ្ឋបាលរាជធានីភ្នំពេញ ដែលមានឯកឧត្ដម ឃួង ស្រេង ជាអភិបាល ដើម្បីរៀបចំសេវាដឹកជញ្ជូន បងប្អូនប្រជាពលរដ្ឋ ទៅស្រុកកំណើតនាឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ តាមរយៈរថយន្តក្រុង ដោយឥតគិតថ្លៃ មានរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៣៕