សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ស្ថាប័នសារព័ត៌មានមួយចំនួន ដែលមិនត្រឹមត្រូវ រំលោភច្បាប់ ត្រូវតែលុបបំបាត់ចោល

នៅព្រឹកថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៣ នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់មន្ទីរពេទ្យបង្អែក​ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ  សម្ដេចតេជោនាយករដ្ឋមន្រ្តី បានមានប្រសាសន៍ថា បច្ចុប្បន្ននេះមានមនុស្សជាច្រើនពាន់នាក់ កំពុងប្រកបអាជីពអ្នកសារព័ត៌មាន ដូច្នេះកុំទៅខ្វល់ជាមួយអ្នកដែលលើកឡើងអំពីព័ត៌មានដែលប្រព្រឹត្តខុស ហើយត្រូវបានលុបបំបាត់នោះ។
សម្ដេចបន្តថា «និយាយពីសេរីភាពនៃសារព័ត៌មាន សារព័ត៌មានណាអាក្រក់ឲ្យវាទៅៗ។ មនុស្សរាប់ពាន់នាក់ រាប់ម៉ឺននាក់ កំពុងតែធ្វើព័ត៌មានរាល់ថ្ងៃ មិចក៏ចាំគិតសារព័ត៌មានដែលវាអាក្រក់ប៉ុន្មាននាក់។ ស្ថាប័នព័ត៌មានមួយចំនួន ដែលមិនត្រឹមត្រូវ រំលោភច្បាប់ នាំគ្នាទៅគិតអាហ្នឹង គិតអាភាគតិច អត់គិតអាភាគច្រើនទេ»។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងទៀតថា មនុស្សមួយចំនួនចូលចិត្តតែនិយាយអំពីសារព័ត៌មានដែលប្រព្រឹត្ដខុស ហើយត្រូវដកអាជ្ញាប័ណ្ណ ប៉ុន្ដែមិនបាននិយាយអំពីសារព័ត៌មានជាច្រើន ដែលកំពុងដំណើរការនាពេលបច្ចុប្បន្ននៅកម្ពុជា។

គិតត្រឹមខែកញ្ញា ឆ្នាំ២០២២ អង្គភាពសារព័ត៌មានជាតិ និងបរទេស ដែលបានចុះបញ្ជីនៅក្រសួងព័ត៌មាន មានចំនួន២,១៥៤អង្គភាព (ផ្សាយបែបបុរាណ និងបែបទំនើប) មានការកើនឡើងចំនួន៥៥៨អង្គភាព បើធៀបនឹងឆ្នាំ២០១៨ ស្មើនឹង២៧,៣០ភាគរយ។ ចំនួនអង្គភាពសារព័ត៌មានជាតិ និងបរទេស ព្រមទាំងអ្នកសារព័ត៌មានជាតិ និងបរទេស មានការកើនឡើងជារៀងរាល់ឆ្នាំ ដែលនេះបានបង្ហាញអំពីលំហរសេរីភាពសារព័ត៌មាននៅកម្ពុជា៕