១.តុលាការ សម្រេច ដោះលែង លោក យឹម ស៊ីណន ២.សម្តេចតេជោ ហ៊ុន សែន សរសើរភាពវៃឆ្លាតភរិយារបស់លោក យឹម ស៊ីណន ដែលមិនរត់ពឹងបរទេសឱ្យជួយស្វាមី ៣.ភរិយារបស់លោក យឹម ស៊ីណន សូមគោរពដឹងគុណសម្តេចពុក ប្តីរបស់កូនបានមកដល់ផ្ទះ គាត់បានជួបជុំកូនៗគាត់វិញហេីយ​

១.តុលាការ សម្រេច ដោះលែង លោក យឹម ស៊ីណន
២.សម្តេចតេជោ ហ៊ុន សែន សរសើរភាពវៃឆ្លាតភរិយារបស់លោក យឹម ស៊ីណន ដែលមិនរត់ពឹងបរទេសឱ្យជួយស្វាមី
៣.ភរិយារបស់លោក យឹម ស៊ីណន សូមគោរពដឹងគុណសម្តេចពុក ប្តីរបស់កូនបានមកដល់ផ្ទះ គាត់បានជួបជុំកូនៗគាត់វិញហេីយ​                                                                  ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានកោត​សរសើរ​​ចំពោះទឹកចិត្ត និងភាពវៃឆ្លាតភរិយារបស់លោក យឹម ស៊ីណន ដែលបានទទូចសូម​ការ​សណ្តោសប្រណីពីសម្តេច ហើយមិនរត់ទៅពឹងបរទេសឱ្យជួយស្វាមីរបស់ខ្លួន។

ក្រោយពីស្វាមីបានត្រឡប់មកដល់ផ្ទះវិញ អ្នកស្រី សុផាត មករា បានបង្ហោះសារលើទំព័រហ្វេសប៊ុក ដោយសម្តែងនូវការគោរពដឹងគុណយ៉ាងជ្រាលជ្រៅជូនចំពោះសម្តេចតេជោ ដែលបានផ្តល់ក្តីមេត្តាសណ្តោសប្រណីចំពោះស្វាមីរបស់ខ្លួន។

អ្នកស្រី សុផាត មករា បានសរសេរថា «សូមគោរពសម្តេចពុកជាទីគោរព​ ប្តីរបស់កូនបានមកដល់ផ្ទះវិញហេីយ។​ ពេលនេះ​ គាត់បានជួបកូនៗគាត់វិញហេីយ​ កូនសូមក្រាបថ្វាយបង្គំ​ថ្លែងអំណរគុណ​ ដល់សម្តេចពុក​ ដែលលោកបានសណ្តោសប្រណី​ អាណិតអាសូរដល់គ្រួសារដ៏កម្សត់មួយនេះ​ កូនស្រីនិង​ក្រុមគ្រួសារទាំងអស់​ សូមថ្លែង​អំណរគុណ​ដល់​ សម្តេច​ពុក​ និង​ សូមជូនពរសម្តេចពុក​ ទទួលបានសុខភាពល្អ​ រឹងមាំ​ គង់ជាម្លប់ដ៏ត្រជាក់ដល់កូនចៅ»។

តបនៅក្នុងសារនេះ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា លោក យឹម ស៊ីណន ពិតជាសំណាងណាស់ ដែលមានភរិយាដ៏ល្អ។ សម្តេចតេជោ ក៏បានសរសើរភរិយារបស់លោក ស៊ីណន ថា ពេលស្វាមីមានបញ្ហាផ្លូវច្បាប់ គឺមិនបានស្រែករកនរណាជួយក្រៅពីរកសម្តេច។

សម្ដេចតេជោ បញ្ជាក់ថា ជាពិសេស ប្រពន្ធ យឹម ស៊ីណន មិនបានរត់រកបរទេស ដាក់គំនៀបរាជរដ្ឋាភិបាល ជាថ្នូរនឹងសេរីភាពរបស់ស្វាមី។

សម្តេចតេជោ បានគូសបញ្ជាក់បែបនេះ «សុីណន កូនពិតជាមានសំណាងណាស់ដែលមានភរិយាដ៏ល្អ។ ពេលកូនមានបញ្ហាខាងផ្លូវច្បាប់កូនស្រីមិនបានស្រែករកនរណាជួយក្រៅពីស្រែករកសម្តេចពុកជួយនោះឡើយ»៕