ឯកឧត្តម ហ៊ុន ម៉ានី និងសហការី សូមចូលរួមមរណៈទុក្ខ ជាមួយក្រុមគ្រួសារ នៃសពវរសេនីយ៍ទោ ភឿក ជីវ័ន្ត ក្នុងបេសកកម្មរក្សាសន្តិភាពក្រោមឆត្រអង្គការសហប្រជាជាតិ នៅប្រទេសម៉ាលី ត្រូវបានបញ្ជូនមកដល់កម្ពុជា

ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍ នៃរដ្ឋសភា និងសហការី សូមចូលរួមក្នុងមរណៈទុក្ខ ជាមួយក្រុមគ្រួសារ នៃសពវរសេនីយ៍ទោ ភឿក ជីវ័ន្ត មេបញ្ជាការរងកងអនុសេនាធំវិស្វកម្មព្រលានយន្តហោះលេខ៧២៩ ដែលបានពលីជីវិត (ដោយសារជំងឺផ្លូវដង្ហើម) ក្នុងបេសកកម្មរក្សាសន្តិភាពក្រោមឆត្រអង្គការសហប្រជាជាតិ នៅប្រទេសម៉ាលី ដែលទើបត្រូវបានបញ្ជូនមកដល់កម្ពុជា នៅវេលាម៉ោងជាង១២ រំលងអធ្រាត ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣។

ឯកឧត្តម ហ៊ុន ម៉ានី បានមានប្រសាសន៍ថា ការលះបង់ដ៏ធំធេង ដែលឈានដល់ការលះបង់សូម្បីជីវិតខ្លួនក្នុងបេសកកម្មដើម្បីជាតិ គឺជាវីរភាពពិតប្រាកដដែលបានដក់ជាប់ និងចងចាំជានិច្ចក្នុងដួងចិត្តប្រជាជនកម្ពុជា។

ស្ថិតក្នុងសមានទុក្ខដ៏សែនក្រៀមក្រំបំផុតនេះ យើងខ្ញុំទាំងអស់គ្នា សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធសពលោកវរសេនីយ៍ទោ ភឿក ជីវ័ន្ត សូមបានយោនយោគកំណើតក្នុងទីបរមសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។