ឯកឧត្តម ហ៊ុន ម៉ានី និងគណៈប្រតិភូ បានបញ្ចប់បេសកកម្ម និងបន្តបេសកកម្ម ជាប្រវត្តិសាស្ត្រ ដង្ហែរមកវិញ នូវគ្រឿងអលង្ការបុរាណខ្មែរ ដែលជារតនវត្ថុដ៏មានតម្លៃវិសេសវិសាល និងជាផ្នែកមួយការយាងត្រឡប់មកវិញនៃដួងព្រលឹងបុព្វបុរសខ្មែរ

ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍ នៃរដ្ឋសភា និងគណៈប្រតិភូ មានមោទកភាព និងមានកិត្តិយសជាទីបំផុត ដែលទទួលបានសេចក្តីទុកចិត្ត និងអនុញាត ចូលរួមក្នុងបេសកកម្មជាប្រវត្តិសាស្ត្រ ក្នុងការដង្ហែរមកវិញនូវ គ្រឿងអលង្ការបុរាណខ្មែរ ដែលជារតនវត្ថុដ៏មានតម្លៃវិសេសវិសាល និងជាផ្នែកមួយការយាងត្រឡប់មកវិញនៃដួងព្រលឹងបុព្វបុរសខ្មែរ។

ឯកឧត្តម ហ៊ុន ម៉ានី បានបញ្ជាក់ថា÷ ការវិលត្រឡប់មកវិញ នៃគ្រឿងអលង្ការបុរាណខ្មែរ ដែលជារតនវត្ថុដ៏មានតម្លៃវិសេសវិសាល ប្រកបដោយភាពជោគជ័យនេះ បានឆ្លុះបញ្ចាំងពីកត្តាសុខសន្តិភាព ដែលកម្ពុជាសម្រេចបានមកដល់ពេលនេះ ដែលយើងអាចមានឱកាសជាបន្តបន្ទាប់ក្នុងការសិក្សា​ស្រាវជ្រាវស្វែងរកកេតនភណ្ឌជាតិត្រឡប់មកវិញ។

ឯកឧត្តម ហ៊ុន ម៉ានី និងសហការី ឆ្លៀតយកឱកាសនេះថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល ជាពិសេសក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងកោតសរសើរដល់អគ្គរាជទូតកម្ពុជាប្រចាំចក្រភពអង់គ្លេស និងភាគីពាក់ព័ន្ធទាំងអស់ ជាពិសេសដល់ក្រុមគ្រួសារលោក ឌូគ្លាស ឡាតហ្វដ ដែលបានខ្នះខ្នែងរៀបចំសម្របសម្រួលដំណើរការ​ក្នុងការនាំយកមកវិញនូវគ្រឿងអលង្ការទាំង៧៧គ្រឿង។​  នេះជាកាយវិការមួយដែលគួរឲ្យកោតសរសើរ ដែលជាគម្រូមួយ ដែលយើងសង្ឃឹមថានឹងមានការចូលរួមពីអ្នកដទៃផ្សេងទៀត។