CAMSOC ត្រៀមរៀបចំពិធីរាប់ថយក្រោយ ១០០ថ្ងៃ ឆ្ពោះទៅស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ២០២៣ ឱ្យកាន់តែអធិកអធម

ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) បានបើកកិច្ចប្រជុំជាមួយគណៈកម្មការជំនាញនានា កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣ ដើម្បីត្រៀមរៀបចំពិធីរាប់ថយក្រោយ ១០០ថ្ងៃ នាល្ងាចថ្ងៃទី២៥ ខែមករា ស្អែកនេះ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ឱ្យបានអធិកអធម នៃដំណើរឆ្ពោះទៅទទួលរៀបចំធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣។

ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិ CAMSOC បានគូសបញ្ជាក់ថា កិច្ចប្រជុំនេះ បានធ្វើឡើងក្រោមវត្តមានដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ត្រៃយ៍ CAMSOC ដោយផ្តោតការយកចិត្តទុកដាក់ខ្ពស់ ត្រៀមពិធីរាប់ថយក្រោយ១០០ថ្ងៃឱ្យមានភាពឱឡារឹកជាមួយនឹងការផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយ នៅគ្រប់បណ្តាញសារព័ត៌មាន និងមានការចូលរួមគាំទ្រពីស្រទាប់មហាជន។ ក្នុងពិធីនេះ ម្ចាស់ផ្ទះ កម្ពុជាក៏បានអញ្ជើញនាយបេសកកម្មស៊ីហ្គេមនៃបណ្តាប្រទេសអាស៊ីអាគ្នេយ៍ទាំងអស់ មកចូលរួមក្នុងពិធីរាប់ថយក្រោយ១០០ថ្ងៃនេះ ដើម្បីជាសក្ខីភាពបញ្ជាក់អំពីការត្រៀមខ្លួនបានរួចរាល់របស់ម្ចាស់ផ្ទះកម្ពុជា ជូនជនរួមជាតិ និងអន្តរជាតិ។

ចំពោះកម្មវិធីរាប់ថយក្រោយ១០០ថ្ងៃ ដែលចាប់ផ្តើមធ្វើពីម៉ោង៤រសៀលតទៅ នាថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣ នេះ ត្រូវបានឯកឧត្តម វ៉ាត់ ចំរើន សង្កត់ធ្ងន់ថា គ្រប់ផ្នែកទាំងអស់បានត្រៀមខ្លួនរួចរាល់ ទាំងផ្នែកសម្តែងសិល្បៈ វប្បធម៌ និងក្រុមកីឡា ប្រមាណ១០០០នាក់ ដើម្បីសម្តែងក្នុងពិធីដ៏មានសារសំខាន់នេះ។ ពិធីនេះនឹងមានការផ្សាយបន្តផ្ទាល់ពីបណ្តាញទូរទស្សន៍ បណ្តាញសង្គម ក្រោមការគាំទ្រយ៉ាងពេញទំហឹងពីសមាគមទូរទស្សន៍កម្ពុជា ជាពិសេសក្រោមការផ្តល់ការគាំទ្រយ៉ាងក្លៀវក្លាពីឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាអនុប្រធាន CAMSOC។

«ក្រៅពីនេះ CAMSOC ក៏មានកិច្ចប្រជុំនាយបេសកកម្មស៊ីហ្គេម មកពីបណ្តាប្រទេសអាស៊ីអាគ្នេយ៍ទាំង១០ប្រទេស រួមទាំងកិច្ចប្រជុំប្រដាល់គុនខ្មែរអន្តរជាតិ ដោយមានសមាជិកចូលរួមសរុបប្រមាណ១០០នាក់ផ្សេងទៀត ហើយអ្នកទាំងនេះ ក៏នឹងចូលរួមពិធីរាប់ថយក្រោយ ១០០ថ្ងៃឆ្ពោះទៅធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម ឆ្នាំ២០២៣ ដើម្បីបង្ហាញជូនអន្តរជាតិថា “កម្ពុជាបានត្រៀមខ្លួនរួចរាល់” “Cambodia is Ready”»។ ឯកឧត្តម វ៉ាត់ ចំរើន បានគូសបញ្ជាក់បន្ថែម។

ជាមួយគ្នានេះ ឯកឧត្តមអគ្គលេខាធិការ មានប្រសាសន៍ទៀតថា កម្ពុជាក៏នឹងត្រៀមរៀបចំខ្សែទស្សនកិច្ច និងការត្រួតពិនិត្យចុងក្រោយ នូវកន្លែងហូបចុក ស្នាក់នៅ ទីតាំងហ្វឹកហាត់ ទីតាំងប្រកួតជូនដល់ប្រតិភូកីឡាអាស៊ាន និងអន្តរជាតិផងដែរ។ «ជារួម លើបញ្ហានេះ កម្ពុជាបានត្រៀមខ្លួន ចន្លោះពី ៧០ទៅ៨០ភាគរយហើយ ដោយនៅសេសសល់ត្រឹមចន្លោះពី២០ ទៅ៣០ភាគរយប៉ុណ្ណោះ ដើម្បីឱ្យចលនានៃការរៀបចំបានគត់មត់ និងប្រសិទ្ធភាពខ្ពស់ សម្រាប់ការទទួលបដិសណ្ឋារកិច្ច ហូបចុក ស្នាក់នៅ និងការប្រកួតជាដើម។ ចំណែកសហព័ន្ធកីឡជាតិទាំងអស់ កំពុងខិតខំប្រឹងប្រែងរៀបចំកម្មវិធីប្រកួតរៀងៗខ្លួន ជាមួយសហព័ន្ធកីឡាអន្តរជាតិរបស់ខ្លួន ព្រមទាំងបានចេញបទបញ្ជានៃការប្រកួតគ្រប់ប្រភេទកីឡាបានច្បាស់លាស់អស់ហើយ»។

ឯកឧត្តម វ៉ាត់ ចំរើន បានលើកឡើងទៀតថា អ្វីដែលសំខាន់ គឺកម្ពុជាបានបង្ហាញកងកម្លាំងការពារស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ដើម្បីត្រៀមផ្តល់ភាពកក់ក្តៅ ថែរក្សាសុខសុវត្ថិភាពជូនដល់ប្រតិភូកីឡាអាស៊ាន និងភ្ញៀវអន្តរជាតិមកពីគ្រប់ទិសទី ក្នុងគោលដៅដ៏ធំចម្បងឱ្យកម្ពុជាទទួលបានកិត្តិយស កិត្យានុភាព និងរក្សាជំហរយ៉ាងរឹងមាំថា សីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ របស់កម្ពុជា មិនមានសារធាតុហាមឃាត់ ក្នុងកីឡា ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពង់ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន។
«យើងទាំងអស់គ្នា បាននឹងកំពុងប្តេជ្ញាចិត្តខ្ពស់ ក្នុងការត្រៀមរៀបចំគ្រប់ផែនការសកម្មភាពទាំងអស់ឱ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីជំរុញឱ្យព្រឹត្តិការណ៍កីឡាជាប្រវត្តិសាស្ត្រលើកដំបូងរបស់កម្ពុជា ក្រោយរង់ចាំអស់រយៈពេល ៦៤ឆ្នាំនេះ ទទួលបានជោគជ័យដ៏ធំធេងជូនជាតិ និងកំណត់ត្រាជាប្រវត្តិសាស្ត្រអាស៊ានផងដែរ»។ ឯកឧត្តម វ៉ាត់ ចំរើន បានបញ្ជាក់ ហើយជាមួយគ្នានេះ ឯកឧត្តម បានអំពាវនាវជូនដល់ប្រជាពលរដ្ឋ យុវជន សិស្សានុសិស្ស សូមចូលរួមគាំទ្រដោយសេរីឥតគិតថ្លៃ ក្នុងពិធីរាប់ថយក្រោយ ១០០ថ្ងៃ នាល្ងាចថ្ងៃពុធនៅពហុកីឡដ្ឋានជាតិមរតកតេជោ ឱ្យបានច្រើនកុះករ៕